សម្តេចតេជោ ចាត់ទុកការផ្សាយរបស់The Cambodia Dailyថាជារឿងឆោតល្ងង់!

(ភ្នំពេញ)៖ បន្ទាប់ពីសារព័ត៌មាន The Cambodia Daily បានចុះផ្សាយបំភ្លៃថា៖ ឯកឧត្តម គុណ ញឹម យកលុយទៅសូកលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីរក្សាតំណែងដល់ឆ្នាំ២០២៨នោះមក។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការផ្សាយនេះថា ជារឿង ឆោតល្ងង់ ព្រោះថា ការសម្រេចពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម បានធ្វើឡើងតាំងពីពេលសម្តេចតេជោ ហ៊ុន សែន នៅកាន់តំណែងជានាយករដ្ឋមន្រ្តីមកម្ល៉េះ ដូច្នេះហើយគ្មានអ្វីជាក់ពាក់ព័ន្ធនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មុនដំបូងសម្តេចសម្រេចឱ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥ ។
តែក្រោយមកតាមសំណើ របស់ឧបនាយករដ្ឋមន្ត្រី អូន ពន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយ និងគុណសម្បត្តិរបស់ឯកឧត្តម គុណ ញឹម ផងនោះ ទើបសម្តេចតេជោ សម្រេចឱ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍នៅឆ្នាំ២០២៨។
ទន្ទឹមគ្នានេះដែរ សម្តេចតេជោ ក៏បានសម្រេចឱ្យអគ្គនាយករងពីររូបទៀត បានចូលនិវត្តន៍នៅឆ្នាំ២០២៨ ផងដែរ ដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយប្រកបដោយជោគជ័យ។

នៅក្នុងចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម បានធ្វើឡើងតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២មកម្ល៉េះ ពោលគឺតាំងពីពេលសម្តេចតេជោ ហ៊ុន សែន នៅដឹកនាំប្រទេស។
បើតាមកាលបរិច្ឆេទនេះ មានន័យថា សំណើនានាពាក់ព័ន្ធការគ្រប់គ្រងរដ្ឋ គឺមិនមានជាប់ពាក់ព័ន្ធសម្តេចធិបតី ហ៊ុន ម៉ាណែត នោះឡើយ ដូច្នេះការវាយប្រហារលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាកូនប្រសារសម្តេចតេជោ គឺពិតជារឿងឆោតល្ងង់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version