អាមេរិកដំឡើង​ថ្លៃពន្ធ សម្រាប់ការ​នាំ​ចូល​ផលិតផលចិន​ចំនួន១៨ ពាន់​លាន​ដុល្លារ!

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ប្រកាស​ពី​ផែនការ​កាលពី​ថ្ងៃ​អង្គារ​៖ ដើម្បី​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​របស់​ចិន ដែល​មាន​តម្លៃ១៨ ពាន់​លាន​ដុល្លារ។

ការសម្រេចចិត្តនេះ ធ្វើឡើងនៅពេលដែលលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន (Joe Biden) ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតីជាថ្មី ជាមួយគូប្រជែងមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។

សេតវិមានបានឱ្យដឹងថា អត្រាពន្ធលើរថយន្តអគ្គិសនី ត្រូវបានដំឡើងបួនដងដល់ ១០០ភាគរយនៅឆ្នាំនេះ ។
ខណៈដែលពន្ធលើគ្រឿងអេឡិចត្រូនិកនឹងកើនឡើងពី ២៥ភាគរយទៅ ៥០ភាគរយនៅឆ្នាំក្រោយ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយសេតវិមានថា ចំណាត់ការនេះមានគោលបំណង ជំរុញប្រទេសចិនឱ្យ លុបបំបាត់ការអនុវត្តពាណិជ្ជកម្មមិនស្មើភាព របស់ខ្លួនទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា និងនវានុវត្តន៍។

ការដំឡើងពន្ធគយនេះ ធ្វើឡើងបន្ទាប់ពីមានការពិនិត្យឡើងវិញ ទៅលើពន្ធដែលបានដាក់ ក្នុងអំឡុងសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក្នុងពេលដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញពន្ធគយលើទំនិញតម្លៃប្រហែល៣០០ពាន់លានដុល្លារដែលនាំចូលពីប្រទេសចិន។

ការិយាល័យជំរឿនសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា សហរដ្ឋអាមេរិកបាននាំចូលទំនិញពីប្រទេសចិនចំនួន $427 ពាន់លានដុល្លារក្នុងឆ្នាំ 2023 ខណៈដែលខ្លួនបាននាំចេញទំនិញ $148 ពាន់លានដុល្លារ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version