Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៥.៣០៣នាក់ហើយ!

ក្រសួងសុខាភិបាលក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន35,303 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពី ខែតុលា ឆ្នាំមុន។

ក្រសួងបានបន្ថែមថា មនុស្ស 79,261 នាក់ផ្សេងទៀត ក៏បានរងរបួសនៅក្នុងការវាយលុកនេះផងដែរ។

សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា “ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស 31 នាក់ និង 56នាក់ផ្សេងទៀតរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ” ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។

អ៊ីស្រាអែល បានបន្តការវាយលុកយ៉ាងឃោរឃៅ លើតំបន់ហ្គាហ្សាស្ទ្រីប បើទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់នេះក៏ដោយ។

ជាងប្រាំពីរខែនៅក្នុងសង្រ្គាមអ៊ីស្រាអែល កន្លែងដ៏ធំនៃតំបន់ហ្គាហ្សាបានខ្ទេចខ្ទាំ ចំពេលមានការរាំងស្ទះអាហារ ទឹកស្អាត និងថ្នាំពេទ្យ។

អ៊ីស្រាអែល ត្រូវបានចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលបានបញ្ជាឱ្យទីក្រុង Tel Aviv ធានាកងកម្លាំងរបស់ខ្លួនមិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version