ទំនាក់ទំនងរវាង អង្គនីតិប្រតិបត្តិ និង​​នីតិប្បញ្ញត្តិ​​ នឹងចូលរួមពង្រឹង​​កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន!

(ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តម Shohrat Zakir បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ -ឯកឧត្តមបានគោរពជម្រាបជូនសម្តេចធិបតីថា តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជា​ថា​ ឯកឧត្តមបានកត់សម្គាល់ឃើញថា កម្ពុជា ជាពិសេស រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ស្អាត។​
-ឯកឧត្តមក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីលទ្ធផលនៃជំនួបប្រកបដោយផ្លែផ្កាជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាផ្នែកនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
-បន្ថែមលើនេះ ឯកឧត្តម Shohrat Zakir ក៏បានបញ្ជាក់ថា ចិន-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាពនេះបានប្រែក្លាយទៅជាមិត្តដែកថែប ដែលមិនអាចបំបែកបាន និងកាន់តែជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ ប្រកបដោយគុណភាព កម្រិត និងស្ដង់ដារខ្ពស់ ផងដែរ។ -ជាមួយគ្នានេះ ឯកឧត្តម Shohrat Zakir ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាឱកាសនេះ គឺដើម្បីរួមចំណែកក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមានបន្ថែមទៀត។

-ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តម Shohrat Zakir និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចពិភាក្សារវាងសម្តេចមហារដ្ឋសភាធិការធិបតី និងឯកឧត្តម Shohrat Zakir ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ -បន្ថែមលើនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន ក្នុងរយៈពេលប្រមាណ​ ៧០ឆ្នាំ ប្រទេសទាំងពីរបានពង្រឹង និងពង្រីកទំនាក់ទំនងក្លាយជាមិត្តដែកថែប ព្រមទាំបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
-សម្តេចធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ព្រមទាំងបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

-មុននឹងបញ្ចប់ សម្តេចធិបតី និងឯកឧត្តម Shohrat Zakir ក៏បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ ទេសចរណ៍ អប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការធ្វើទំនើបកម្មវិស័យឧស្សាហកម្មនិងបច្ចេកវិទ្យា ការពង្រីកការនាំចេញផលិតផលកសិកម្មកម្ពុជាទៅសាធារណរដ្ឋប្រជាមានិតចិន ការពង្រឹងកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆានិងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ព្រមទាំងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងសកលលោកផងដែរ។

-ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរ ឯកឧត្តម Shohrat Zakir និងគណៈប្រតិភូ ឱ្យទទួលបាននូវជោគជ័យក្នុងដំណើរបំពេញបេសកកម្មនៅព្រះជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version