Update៖ បារាំង នឹងផ្តល់យន្តហោះចម្បាំងរួមទាំងការហ្វឹកហាត់ ដល់អ៊ុយក្រែន!

ថ្លែងក្នុងបទសម្ភាសន៍ ជាមួយស្ថានីយទូរទស្សន៍ ក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍(០៦ មិថុនា) ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសផ្តល់ឱ្យអ៊ុយក្រែននូវ យន្តហោះចម្បាំងប្រភេទ ម៉ាយរ៉េច ២០០០ (Mirage 2000) ជាមួយនិងការបណ្តុះបណ្តាល បើកយន្តហោះនោះផងដែរ។
លោក ម៉ាក្រុង និយាយថា អ្នកបើកយន្តហោះអ៊ុយក្រែន នឹងត្រូវហ្វឹកហាត់ នៅប្រទេសបារាំង នៅដើមរដូវក្តៅនេះ។

យន្តហោះចម្បាំងប្រភេទ ម៉ាយរ៉េច ២០០០ ដែលផលិតដោយបារាំង ត្រូវបានគេចាត់ទុកថាជាយន្តហោះចម្បាំងជំនាន់ទី៤ ដែលស្រដៀងនឹងយន្តហោះ F-16 ។
ក្រុមអ្នកផលិតរបស់បារាំងនិយាយថា យន្តហោះចំនួន ៦០០គ្រឿងត្រូវបានផលិតឡើង ដោយខ្លះត្រូវបាននាំចេញទៅកាន់កោះតៃវ៉ាន់ ឥណ្ឌា និងកន្លែងផ្សេងទៀត។

បារាំង រួមជាមួយប្រទេសមួយចំនួនទៀត បានបង្ហាញការគាំទ្រសម្រាប់ការពង្រឹងសមត្ថភាពទ័ពអាកាសរបស់អ៊ុយក្រែន។
ប្រទេសជាច្រើនរួមទាំងហូឡង់ និងដាណឺម៉ាក បានប្រកាសផែនការផ្តល់យន្តហោះចម្បាំង F-16 ។
ខណៈដែលស៊ុយអែត បានសន្យាផ្ដល់យន្តហោះឃ្លាំមើលឈ្លបយកការណ៍ និងប្រព័ន្ធគ្រប់គ្រងលើដែនអាកាស។

ប្រធានាធិបតីបារាំងរូបនេះ បានស្នើឱ្យមានការបណ្តុះបណ្តាលទាហានអ៊ុយក្រែន ចំនួន ៤.៥០០ នាក់ផងដែរដើម្បីបង្កើតកងពលតូចថ្មី ។
ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតដូចជាថា តើគ្រូបង្វឹកទាហានជនជាតិបារាំង នឹងត្រូវបញ្ជូនទៅអ៊ុយក្រែន ឬយ៉ាងណានោះទេ។

លោក ម៉ាក្រុង និយាយថា លោកនឹងប្រកាសពីភាពជាក់លាក់នៃជំនួយថ្មីនៅថ្ងៃសុក្រ (០៧ មិថុនា) នេះ នៅពេលដែលលោកជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskyy)៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version