UN ថ្កោលទោស មីយ៉ាន់ម៉ា ដែលវាយប្រហារ លើជនស៊ីវិលស្លូតត្រង់!

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បាននិយាយថា៖ លោកថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ទៅលើការវាយប្រហារ នាពេលថ្មីៗនេះ របស់យោធាមីយ៉ាន់ម៉ា ។
ដែល បានសម្លាប់ជនស៊ីវិល ជាច្រើននាក់នៅរដ្ឋ Rakhine ភាគខាងលិច និងតំបន់ Sagain ភាគខាងជើង។
-នេះបើតាមព័ត៌មាន AFP នាថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤។

អ្នកនាំពាក្យលោក Guterres គឺលោក Stephane Dujarric បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា លោកអគ្គលេខាធិការ ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនាពេលថ្មីៗនេះ របស់យោធាមីយ៉ាន់ម៉ា ដែលត្រូវគេរាយការណ៍ថា​ បានផ្តាច់ជីវិតជនស៊ីវិល​ជាច្រើននាក់ រួមមានទាំងនៅរដ្ឋ Rakhine។

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅរដ្ឋ Rakhine ចាប់តាំងពីក្រុមចលនាប្រដាប់អាវុធ Arakan Army (AA) បានវាយប្រហារកងកម្លាំង​របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ។

ខណៈវាគឺជាការបញ្ចប់ទាំងស្រុង នូវបទឈប់បាញ់ផុយស្រួយមួយ ដែលត្រូវ​បានអនុវត្ត ក្រោយរដ្ឋប្រហារយោធា ឆ្នាំ២០២១។

ក្រុម AA អះអាងថា ខ្លួនប្រយុទ្ធតស៊ូដើម្បីស្វែងរកសិទ្ធិស្វ័យភាពទូលំទូលាយ សម្រាប់ជនជាតិភាគតិចនានា នៅក្នុងរដ្ឋ Rakhine ជាទីជម្រកនៃជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ប្រមាណ ៦០០,០០០នាក់ ដែល​ស្ថិតក្រោមការគាបសង្កត់ធ្វើបាប។

ក្នុងសប្តាហ៍នេះ ក្រុម AA បាននិយាយថា កងកម្លាំងរបបសឹកបានសម្លាប់ ជនស៊ីវិល ជាង៧០នាក់ នៅរដ្ឋ Rakhine ក្នុងប្រតិបត្តិការវាយប្រហារ នៅភូមិមួយកន្លែង ភាគខាងជើងទីក្រុង Sittwe ដែលជារដ្ឋធានីរបស់រដ្ឋមួយនេះ។ យ៉ាងណាមិញ ខាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ថា ការអះអាងរបស់ក្រុម AA គឺជារឿងឃោសនាប៉ុណ្ណោះ។

គួរបញ្ជាក់ថា៖ មួយផ្នែកធំនៃរដ្ឋ Rakhine គឺបណ្តាញទូរស័ព្ទនិងអ៊ីនធើណិត ត្រូវបានកាត់ផ្តាច់ ជាហេតុធ្វើឱ្យការទាក់ទង មានការលំបាក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version