ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងកម្មវិធី JCI Senate Golden Era Night នៃមហាសន្និបាតតំបន់អាស៊ី!

(សៀមរាប)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី JCI Senate Golden Era Night នៃមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងពិធី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​អាណត្តិទី៧ ដែលបានអនុញ្ញាតឱ្យកម្មវិធីនេះបានរៀបចំឡើងនៅលើទឹកដីនៃខេត្តសៀមរាប ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ JCI កម្ពុជា ​អាជ្ញាធរមូលដ្ឋាន ​សហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តនៃក្រុមគ្រួសារ ស.ស.យ.ក.ទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តរៀបចំ និងចូលរួមជួយជ្រោមជ្រែងកម្មវិធីដ៏មានសារៈសំខាន់នេះ​ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

តាមរយៈការរៀបចំនូវ JCI ASPAC Angkor Cambodia ឆ្នាំ 2024 ឯកឧត្តម បានគូសបញ្ជាក់ថា មិន​ត្រឹមតែ​អនុញ្ញាតឱ្យអ្នកចូលរួមមកពីបណ្តាប្រទេសនានា មកប្រទេសកម្ពុជាអាចស្វែងយល់​ពីភាព​សម្បូរបែបនៃវប្បធម៌ ​និងភាពកក់ក្តៅ ស្នាមញឹមរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ។

ប៉ុន្តែគ្រប់គ្នាៗ បានមកជាសាក្សីនៃការរីកចម្រើនរបស់សង្គម ការរស់នៅ ​និងសមិទ្ធិផលរបស់កម្ពុជាក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ ទាំងក្នុងដំណាក់កាលការតស៊ូនាអតីតកាល ការអភិវឌ្ឍ​ឥតឈប់ឈរក្នុង​ពេលបច្ចុប្បន្ន ​និងការបោះជំហានឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ និងសក្តានុពលរបស់​ព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្តម ក៏បានរំលេចអនុសាសន៍សម្តេចធិបតី អំពីដំណើរដែលកម្ពុជា​បានឆ្លងកាត់​ពីប្រទេស​ដែលធ្លាប់តែត្រូវ​បាន​ស្គាល់ដោយសង្គ្រាម និងវាលពិឃាត ទៅជាប្រទេសដែលមាន​សន្តិភាព​ពេញលេញ និងការទទួលស្គាល់ ក្នុងគោលដៅដើម្បីរម្លឹកពីតម្លៃនៃសុខសន្តិភាព​ដែល​មិនអាចកាត់ថ្លៃ​បានសម្រាប់មនុស្សជាតិទូទាំងពិភពលោក។

សូម​ជម្រាបថា៖ កម្មវិធី JCI Senate Golden Era Night បានរៀបចំឡើងក្នុងគោលបំណង​អប​អរសាទរ ​និង​ប្រកាសផ្ទេរតំណែងជូនប្រធានប្តូរវេន ព្រមទាំងទទួលស្គាល់ក្រុមប្រឹក្សាភិបាល​របស់​ព្រឹទ្ធសមាជិកJCI ។
ក៏ដូចជាបង្កើនភាព​ស្និតស្នាល​តាមរយៈការ​រៀបចំ​កម្មវិធីពិសារ​ភោជនីអាហារ​អបអរ​បញ្ចប់​អាណត្តិ ​និងសមិទ្ធផលរបស់ប្រធាន រួមទាំង​ក្រុមប្រឹក្សាភិបាលអាណត្តិ ឆ្នាំ២០២៣៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version