ពលរដ្ឋ១ភូមិអះអាងថា ប្រធានមណ្ឌលសុខភាពព្រៃព្នៅ រំលោភយកដីសាធារណៈ ទើបពួកគាត់លើកគ្នាមកដកបង្គោលថ្មចោល!

(ព្រៃវែង)៖ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បានលើកឡើងដូចៗគ្នាថា៖ ក្រោយពួកគាត់ប្ដឹងនិងរាយការណ៍ទៅលោកមេឃុំកញ្ចំ ជាច្រើនលើកមកហើយ នៅតែគ្មានចំណាត់ការ គឺបានត្រឹមសន្យាខ្យល់..!។
ទើបពួកខ្លួនសម្រេចលើកគ្នាមួយភូមិ មកដកបង្គោលថ្ម ដែលលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”ដាំរំលោភនិងកាន់កាប់ដីសាធារណៈរបស់រដ្ឋចោលតែម្ដង…!។

-ករណីនេះលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”បានថ្លែងទទួលស្គាល់ថារូបលោកពិតជាបានដាំបង្គោលថ្មកំណត់ព្រំ និងកាន់កាប់ដីសាធារណៈប្រាកដមែន ដោយផ្អែកលើហេតុផល គ្រប់គ្រងនិងថែទាំផ្លូវ…!។

សូមជម្រាបថា ដីទំនាស់មួយនេះជាដីសាធារណៈរបស់រដ្ឋ ទទឹងជាង៧០ម៉ែត្រ និងបណ្ដោយប្រមាណជា៨០ម៉ែត្រ ត្រង់ចំណុចខាងកើតជាប់និងគល់ស្ពានដូង ស្ថិតនៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

ជុំវិញរឿងនេះ កាលពីព្រឹកទី០៩.០៦.២០២៤ ពលរដ្ឋរាប់សិបនាក់នៅភូមិដូង បានលើកគ្នាមកដកបង្គោលថ្មចោល។
ក្រោយលោក ស៊ឹម សឿន ដាំជាជួរចំកណ្ដាលដីពីមុខទៅក្រោយ ដើម្បីពុះចែកដីជា២ និងកំណត់ព្រំដី។

-បើតាមពលរដ្ឋមូលហេតុ ដែលពួកខ្លួនដកបង្គោលថ្មចោលបែបនេះ ក៏ព្រោះតែលោក ស៊ឹម សឿន ដាំរំលោភលើដីសាធារណៈ ដាំដោយមិនប្រាប់មុន។
ហើយពួកគាត់ប្ដឹងទៅលោកមេឃុំ ឱ្យជួយចាត់វិធានការ ដកចេញវិញ ប៉ុន្តែលោកមេឃុំ បានត្រឹមសន្យា និងលើកពេលរហូត..។

-ក្នុងរឿងនេះពលរដ្ឋ បានបញ្ជាក់ប្រាប់«ដើមរាំង»ថា ដើមចបដំបូង កាលពីប៉ុន្មានឆ្នាំមុនលោក ស៊ឹម សឿន បានប្រមូលទិញដីស្រែ ពីកសិករ ដែលនៅខាងក្រោយ!។
ខណៈអត់មានផ្លូវចេញមកមុខ លោក ស៊ឹម សឿន ក៏បែកគំនិត ចាក់ដីលុបព្រែក និងលុបជង្ហុកមួយចំនួន ដែលជាដីសាធារណៈរបស់រដ្ឋ ដើម្បីឱ្យមានផ្លូវ ចូលដីរបស់ខ្លួន ដែលនៅខាងក្រោយ..!។

ពលរដ្ឋបន្តថា លុះមួយរយៈក្រោយនេះ ស្រាប់តែលោក ស៊ឹម សឿន ចេញមុខអាងយ៉ាង និងហាមឃាត់.ព្រះសង្ឃ.អាចារ្យ.គណៈកម្មការ.ពុទ្ធបរិស័ទចំណុះជើងវត្ត។
ដែលត្រូវអភិវឌ្ឍន៍ ដីសាធារណៈត្រង់ចំណុចខាងលើ ធ្វើជាសួនច្បាររូបសំណាក និងជាកន្លែងជួបជុំធ្វើបុណ្យតាមប្រពៃណី…។

ដោយលោក ស៊ឹម សឿន ថែមទាំងបានបង្ហើរពាក្យ បោះសម្ដីថា ដីខាងលើ ជាដីកម្មសិទ្ធរបស់ខ្លួន ដែលមានលិខិតកាន់កាប់ទទួលស្គាល់ ដឹងឮពីលោកមេឃុំកញ្ចំ ទៀតផង! ។

-កត្តាទាំងនេះហើយ ដែលជាមូលហេតុនាំឱ្យដីសាធារណៈមួយនេះ ក្លាយជាទំនាស់រ៉ាំរ៉ៃ រវាងពលរដ្ឋមួយភូមិ និងលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”។

-ក្នុងនោះដែរ ពលរដ្ឋស្នើសុំរក្សាដីនេះ ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋដដែល នឹងមិនឱ្យក្លាយជាកម្មសិទ្ធឯកជន.ផ្លូវឯកជន.ហើយក៏មិនឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ពីបុគ្គលណាម្នាក់ឡើយ..!។

-និយាយរួម ដីត្រង់ចំណុចខាងលើពលរដ្ឋ ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម មិនថាអ្នកជិត ឬអ្នកឆ្ងាយនោះទេ។
ក្នុងនោះសូម្បីលោក ស៊ឹម សឿន ក៏អាចប្រើប្រាស់ និងចេញចូលបានតាមតម្រូវការផងដែរ។

-ផ្ទុយទៅវិញពលរដ្ឋប្រឆាំងដាច់ខាត! រាល់ការចាត់ចែងយកដីសាធារណៈមួយនេះ ឱ្យក្លាយជាផ្លូវឯកជន.កម្មសិទ្ធឯកជន.ឬធ្វើរបងបិទជាដើម។ល។

-រាល់ការចោទប្រកាន់ខាងលើ នៅថ្ងៃទី០៩.០៦.២០២៤ លោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”បានថ្លែងប្រាប់«ដើមរាំង»ថា រូបលោកពិតជាបាន កាន់កាប់ដីសាធារណៈខាងលើប្រាកដមែន..!។លោកបន្តថា ខ្ញុំគ្រប់គ្រងនិងកាន់កាប់យូរហើយ ព្រោះខ្លួនបានសុំគណៈកម្មការវត្តសម័យមុន ចាក់ដីធ្វើផ្លូវ។

លោក ស៊ឹម សឿន អះអាងថាពលរដ្ឋអាងគ្នាច្រើន ចេះតែទន្ទ្រានរំលោភយកដីផ្លូវរបស់លោក ហេតុនេះទើប លោកដាំបង្គោលថ្មកំណត់ព្រំ។

ប្រធានមណ្ឌលសុខភាព រូបនេះបញ្ជាក់ទៀតថា ខ្លួនពិតជាបានកាន់កាប់ដីសាធារណៈរបស់រដ្ឋប្រាកដមែន ប៉ុន្តែបើរដ្ឋត្រូវការ ពេលណា លោកនឹងប្រគល់ជូនវិញ!។

លោក ស៊ឹម សឿន បានគូសបញ្ជាក់ថា ប្រសិនបើត្រូវដកដីត្រង់ចំណុចខាងលើ ទុកជាសម្បត្តិរដ្ឋវិញនោះ។
សំខាន់កុំឱ្យពលរដ្ឋសាងសង់អ្វីៗលើដីនោះ ហើយរូបលោក ក៏មិនធ្វើអ្វីលើដីនោះដូចគ្នា គឺទុកចោលទាំងអស់គ្នា ទើបលោកព្រម…!។

រីឯលោក អ៊ិត ស៊ីម មេឃុំកញ្ចំ បានថ្លែងទទួលស្គាល់ថា ដីទំនាស់ត្រង់ចំណុចខាងលើ គឺពិតជាដីសាធារណៈប្រាកដមែន..!។
ប៉ុន្តែដោយឃើញលោក ស៊ឹម សឿន ខំកាន់កាប់ចាក់ដីធ្វើផ្លូវ ទើបលោកមេឃុំ សម្រេចចេញលិខិតឱ្យលោក ស៊ឹម សឿន មានសិទ្ធថែទាំគ្រប់គ្រងផ្លូវ..!។
លោកមេឃុំបញ្ជាក់ថា លិខិតនោះពុំមែនមានន័យថា លោក ស៊ឹម សឿន ជាម្ចាស់កម្មសិទ្ធនោះឡើយ។

-យ៉ាងណាក៏ដោយ តាមរយៈសារព័ត៌មាន«ដើមរាំង»ពលរដ្ឋរាប់សិបនាក់នៅភូមិដូង សូមស្នើយ៉ាងទទូចដល់លោកវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង និងឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មេត្តាពិនិត្យចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទ!។
គឺលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”ខណៈខ្លួនជាមន្ត្រីរាជការ បែរជាកាន់កាប់ដីសាធារណៈរបស់រដ្ឋ រហូតកើតជម្លោះជាមួយអ្នកភូមិរាប់រយគ្រួសារ..!។
ធ្វើឱ្យប៉ះពាល់សតិអារម្មណ៍ពលរដ្ឋជាខ្លាំង និងប៉ះពាល់ដល់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version