Update៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តបទឈប់បាញ់ នៅតំបន់ហ្កាហ្សា!

កាលពីថ្ងៃចន្ទទី១០ ខែមិថុនា (ម៉ោងនៅញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោត អនុម័តលើសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងតំបន់ហ្កាហ្សា និងបានជំរុញឱ្យក្រុមហាម៉ាស់ ទទួលយកបទឈប់បាញ់នេះ ។
ដើម្បីឆ្ពោះ ទៅរកការបិទបញ្ចប់សង្រ្គាមអូសបន្លាយ ពេលជាង៨ខែមកនេះ។
-នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters។

បទឈប់បាញ់គាំទ្រ ដោយអាមេរិកខាងលើ ត្រូវបានបោះឆ្នោតឆ្នោតអនុម័ត ក្នុងសំឡេងគាំទ្រ១៤ ទល់នឹង០សំឡេង ក្នុងចំណោមសមាជិក ក្រុមប្រឹក្សាសន្តិសុខទាំង១៥ប្រទេស ខណៈរុស្ស៊ីបានអនុបវាទ។
ក្រុមហាម៉ាសវិញ ក៏បានស្វាគមន៍ចំពោះការអនុម័តនេះដែរ ហើយបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ មួយថាបានត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើកិច្ចសហការជាមួយក្រុមអ្នកសម្របសម្រួល ពាក់ព័ន្ធនឹងការអនុវត្តតាមគោលការណ៍ក្រោមបទឈប់បាញ់នេះ។

ថ្លែងនៅក្រោយការបោះឆ្នោត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា នៅថ្ងៃនេះ (ថ្ងៃចន្ទ) យើងបានបោះឆ្នោតដើម្បីសន្តិភាព។

គួរបញ្ជាក់ថា ផែនការបទឈប់បាញ់ខាងលើត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ ហើយក្រុមមន្ត្រីអាមេរិក ក៏បានអះអាងដែរថាអ៊ីស្រាអែល បានទទួលយកផែនការនេះ ។
បើទោះជាលោក ណេតាន់យ៉ាហ៊ូ និងក្រុមមន្ត្រីអ៊ីស្រាអែល មួយចំនួនបានសន្យាបន្តធ្វើសង្រ្គាមរហូតទាល់តែ សម្រេចគោលដៅកម្ទេចក្រុមហាម៉ាស់ក្ដី។

ផែនការបទឈប់បាញ់ប្រកាសដោយលោក ចូ បៃដិន ចែកចេញជា ៣ដំណាក់កាល។
ដំណាក់កាលទី១ គឺតម្រូវឱ្យមានបទឈប់បាញ់ដំបូងរយៈពេល ៦សប្ដាហ៍ ជាថ្នូរ នឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងការជនជាតិប៉ាឡេស្ទីន ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអ៊ីស្រាអែល។ ដំណាក់កាលទី២ ក្នុងនោះរួមបញ្ចូលទាំង បទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ និងការដោះលែងចំណាប់ខ្មាំងនៅសេសស់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version