ប្រទេសកាតា ជំរុញឱ្យមានបទឈប់បាញ់ជាថ្មី រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់!

អ្នកសម្របសម្រួល ប្រទេសកាតា បាននិយាយថា កិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តថ្មីបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។
កំពុងធ្វើឡើង បន្ទាប់ពីអ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកទៅលើតំបន់ហ្កាហ្សា ដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនរាប់សិបនាក់! ។

ប្រទេសកាតា ដឹកនាំកិច្ចចរចាដែលបានបង្កើតការផ្អាកប្រយុទ្ធសម្រាប់បុព្វហេតុមនុស្សធម៌រយៈពេលមួយសប្តាហ៍បានបញ្ចប់កាលពីព្រឹកថ្ងៃសុក្រ បាននិយាយថា ខ្លួននឹងបន្តការស្វែងរកកិច្ចព្រមព្រៀងជាថ្មី ប៉ុន្តែបានព្រមានថា ការបន្តប្រយុទ្ធកំពុងធ្វើឱ្យមានបញ្ហាស្មុគស្មាញ។

មន្ត្រីនៅជុំវិញពិភពលោក បានបង្ហាញការខកចិត្តរួមគ្នារបស់ពួកគេចំពោះការដួលរលំបទឈប់បាញ់ និងការវិលត្រឡប់មករកការប្រយុទ្ធគ្នាវិញយ៉ាងឆាប់រហ័ស។

មន្ត្រីមួយចំនួន បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្ទាន់ដើម្បីទប់ស្កាត់អំពើហិង្សា និងការពារការស្លាប់និងរងរបួសជនស៊ីវិលបន្ថែមទៀតនៅក្នុងតំបន់ហ៊ុមព័ទ្ធ។

អ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្ទោសគ្នាទៅវិញទៅមកចំពោះការបំពានបទឈប់បាញ់។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា ក្រុមនេះពុំទាន់បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការដោះលែងចំណាប់ថ្នូរស្ត្រីទាំងអស់នៅថ្ងៃនេះទេ ហើយបានបាញ់រ៉ុក្កែតទៅលើពលរដ្ឋអ៊ីស្រាអែល។

រដ្ឋាភិបាលអ៊ីស្រាអែល បានប្តេជ្ញាធ្វើឲ្យសម្រេចគោលដៅនៃសង្រ្គាម រួមមានការដោះលែងចំណាប់ថ្នូរ ការលុបបំបាត់ក្រុមហាម៉ាស និងធានាបានថាតំបន់ហ្កាហ្សានឹងមិនបង្កការគំរាមកំហែងដល់ពលរដ្ឋអ៊ីស្រាអែលទៀតនោះទេ។

មន្ត្រីក្រុមហាម៉ាស់ បានចោទប្រកាន់អ៊ីស្រាអែលថា បានបំផ្លាញកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ថែមពេលបទឈប់បាញ់។
លោក Osama Hamdan មន្ត្រីជាន់ខ្ពស់សម្រាប់ក្រុម ដែលគ្រប់គ្រងនៅតំបន់ហ្កាហ្សា បានប្រាប់សារព័ត៌មាន Al Jazeera ថា ជារៀងរាល់ថ្ងៃក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងទៅនៃបទឈប់បាញ់បណ្តោះអាសន្ន អ៊ីស្រាអែលបានធ្វើសកម្មភាពក្នុងវិធីមួយដើម្បីបំផ្លាញដំណើរការទាំងមូល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version