មន្ទីរបញ្ចកោណ និយាយថា នាវាចម្បាំងអាមេរិក រងការវាយប្រហារនៅ សមុទ្រក្រហម!

មន្ទីរបញ្ចកោណ បាននិយាយថា នាវាចម្បាំងអាមេរិក និងនាវាពាណិជ្ជកម្មជាច្រើនគ្រឿង ។
បានរងការវាយប្រហារ នៅសមុទ្រក្រហម កាលពីថ្ងៃអាទិត្យ ទី៣ខែធ្នូ ដែលគេមើលឃើញថា ជាការវាយប្រហារ ចុងក្រោយបំផុតលើផ្លូវដឹកជញ្ជូនតាមសមុទ្រ ក្នុងតំបន់ពាក់ព័ន្ធសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។

យ៉ាងណាក្តី ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការពារជាតិ, មន្ត្រីអាមេរិកមិនបានបញ្ជាក់ថា តើការវាយប្រហារ មានប្រភពចេញមកពីណានោះទេ ។
ប៉ុន្តែភ្លាមៗ ក្រុមឧទ្ទាម ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសយេម៉ែន បានបញ្ជាក់ថា នាវាពីរគ្រឿងភ្ជាប់ទៅអ៊ីស្រាអែល គឺត្រូវវាយប្រហារដោយកងកម្លាំងរបស់ខ្លួន ជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ប៉ុន្តែមិនទទួលស្គាល់ថា កំណត់គោលដៅលើនាវាកងទ័ពជើងទឹកអាមេរិកទេ។

មន្ទីរបញ្ចកោណនិយាយក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Associated Press ថា “យើងដឹងពីរបាយការណ៍ទាក់ទងនឹងការវាយប្រហារលើនាវា USS Carney និងនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ហើយនឹងផ្តល់ព័ត៌មាននៅពេលយើងដឹងច្បាស់”។

កាលពីព្រឹកថ្ងៃអាទិត្យ ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស ក៏និយាយដែរថា ខ្លួនត្រូវបានគេជូនដំណឹងអំពីរបាយការណ៍នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ក្នុងច្រក Bab el-Mandeb នៃសមុទ្រក្រហម។
យន្តហោះគ្មានមនុស្សបើកដែលមានប្រភពចេញពីប្រទេសយេមែន បានធ្វើសកម្មភាពនៅក្នុងតំបន់ ហើយអាចមានការផ្ទុះ។

ការវាយប្រហារតាមដែនសមុទ្រ ត្រូវបានគេរាយការណ៍ម្តងហើយម្តងទៀត នៅក្នុងដែនទឹកមជ្ឈិមបូព៌ា ស្របពេលការផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស បានគំរាមកំហែងដល់ការឈានទៅដល់ជម្លោះក្នុងតំបន់កាន់តែធំ ។

គួរបញ្ជាក់ថា កាល​ពី​ខែ​មុន ក្រុម​ឧទ្ទាម ហ៊ូធី បានប្លន់កប៉ាល់​ដឹក​ជញ្ជូន​មួយ​គ្រឿង​ ដែលជាប់ទាក់ទង​ទៅ​នឹង​ប្រទេស​អ៊ីស្រាអែល ​។
ក្នុង​សមុទ្រ​ក្រហម​ ខណៈក្រុមសកម្មប្រយុទ្ធមួយនេះក៏ធ្លាប់បាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធ ទៅកាន់គោលដៅរបស់អ៊ីស្រាអែល ហើយសន្យានឹងបន្តកំណត់គោលដៅលើនាវាអ៊ីស្រាអែលនៅក្នុងតំបន់ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version