(កំពង់ចាម)៖ បន្ទាប់ពីរងការ«ចាប់ចងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ»ពីសំណាក់ជន១ក្រុម និងបានប្រគល់ឱ្យសមត្ថកិច្ចឃាត់ខ្លួន សួរនាំ រយៈពេល២យប់ នោះមក..!។
លោក អ៊ឹម ហាច”ហៅជាងហាចជាងហួយ”នឹងត្រូវដោះលែងឱ្យមានសេរីភាពវិញ នៅរសៀលថ្ងៃទី០៤.១២.២០២៣នេះ។
បន្ទាប់ពីប្រពន្ធនិងកូន ស្រែកយំសោកបោកខ្លួនតាមបណ្ដាញសារព័ត៌មាន កាលពីថ្ងៃទី០៣.១២.២០២៣ថា”ប្ដីខ្លួនត្រូវគេលាបពណ៌ទម្លាក់កំហុស ធ្វើទារុណកម្ម.យ៉ាងឃោឃៅ និងរងភាពអយុត្តិធម៌បំផុត”។
-នេះបើយោង តាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម។
សូមជម្រាបថាៈ ករណីចាប់មនុស្សចងធ្វើទារុណកម្មនេះ បានកើតឡើង នៅចិញ្ចើមផ្លូវជាតិលេខ៦ មុខក្លោងទ្វារ”វត្តសុគន្ធារាម”ស្ថិតនៅភូមិប៉ាណា ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ជនរងគ្រោះឈ្មោះ អ៊ឹម ហាច ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិតាសែន ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
រីឯជនសង្ស័យឈ្មោះ អ៊ឹម ផែន ភេទប្រុសរួមនិងបក្ខពួកចំនួន៣នាក់ទៀត ដែលនឹងត្រូវដោះលែងផងដែរ ក្រោមការសម្របសម្រួល ដកពាក្យបណ្ដឹងរៀងខ្លួន!។
សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា នៅមុនពេលកើតហេតុ នារសៀលថ្ងៃទី០២.១២.២០២៣ លោក អ៊ឹម ហាច បានទៅឡាយផ្ទាល់ អំពីរ៉ឺម៉កដឹកឈើ នៅកន្លែងកើតហេតុ..!។
ភ្លាមនោះ ក៏មានអ្នកសម្របសម្រួល សុំឱ្យលុបការឡាយផ្ទាល់ផងដែរ ប៉ុន្តែលោក អ៊ឹម ហាច មិនព្រមលុបតាមសំណើរឡើយ ដោយរូបគាត់បានមកផ្ទះវិញ!។
មួយសន្ទុះក្រោយមក ស្រាប់តែលេចមុខអ្នកស្គាល់គ្នា បបួលលោក អ៊ឹម ហាច ទៅផឹកស៊ីក្បែរកន្លែងកើតហេតុ! ។
លុះដល់ពេលកើតហេតុ លោក អ៊ឹម ហាច បានជិៈម៉ូតូចេញពីកន្លែងផឹកស៊ីដើម្បីវិលត្រឡប់មកផ្ទះរបស់ខ្លួន!។
ប៉ុន្តែដោយមិនអស់ចិត្តលោក អ៊ឹម ហាច ក៏បានជិៈម៉ូតូឆ្វែលទៅមើលកន្លែងរ៉ឺម៉កដឹកឈើ ដែលខ្លួនបានថតឡាយកាលពីរសៀល។
ពេលទៅដល់ ស្រាប់តែលេចមុខឈ្មោះ អ៊ឹម ផែន រួមនិងបក្ខពួក៣នាក់ទៀត មកស្ទាក់វ៉ៃ និងធាក់ម៉ូតូលោក អ៊ឹម ហាច បណ្ដាលឱ្យដួលលើផ្លូវលំ ហើយពួកគេស្រែកថា«ជាងហាច ជាងហួយ រំលោភចូលលំនៅឋាន និងប៉ងរំលោភប្រពន្ធគេ»។
មិនតែប៉ុណ្ណោះឈ្មោះ អ៊ឹម ផែន រួមនិងបក្ខពួក បានចាប់លោក អ៊ឹម ហាច ចងដៃចងជើងអូស ននៀលភក់មកក្បែរចិញ្ចើមផ្លូវជាតិលេខ៦ មើលទៅគួរឱ្យសង្វេគនិងខ្លោចផ្សារបំផុត។
ដោយថែមទាំងនាំគ្នា វាយតប់ជាន់ក.លោក អ៊ឹម ហាច ទាំងដៃជើងជាប់ចំណង និងថតបង្ហោះហ្វេសប៊ុក រួចចោទថា លោក អ៊ឹម ហាច រំលោភលំនៅឋាន និងប៉ងរំលោភប្រពន្ធគេ ទាំងកណ្ដាលយប់!។
ទាក់ទិនករណីនេះ ក្រោយបើកការស៊ើបអង្កេតសួរនាំសមត្ថកិច្ចរកឃើញថាៈ លោក អ៊ឹម ហាច បានចូលថតទីតាំងស្តុកឈើក្នុងដីឡូត៍គេ ដោយគ្មានការអនុញ្ញាត.ជាកំហុស១ក្នុងបទ”រំលោភលំនៅឋាន”។
រីឯភាគីលោក អ៊ឹម ផែន រួមនិងបក្ខពួក ដែលបានចាប់ចង ដៃជើងធ្វើទារុណកម្មលើលោក អ៊ឹម ហាច ជាកំហុស១ក្នុងបទ”ប្រើប្រាស់អំពើហិង្សាដោយចេតនា”។
ជុំវិញករណីនេះ ក្រោមការសម្របសម្រួលពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំផ្ទាល់ដោយលោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម និងមានការអនុញ្ញាតពីឯកឧត្ដមព្រះរាជអាជ្ញា ខេត្តកំពង់ចាម ទើបភាគីទាំង២ សុខចិត្តដកពាក្យបណ្ដឹងរៀងខ្លួន និងបានវិលត្រឡប់មកផ្ទះវិញ៕