ក្រសួងសាធារណការ យានយន្តអគ្គិសនីជិត៣ពាន់គ្រឿងបានចុះបញ្ជីនៅកម្ពុជា!

(ភ្នំពេញ)៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ថា គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤។ យានយន្តអគ្គិសនីបានចុះបញ្ជីជាផ្លូវការ មានចំនួនសរុប ២ ៩៦៨គ្រឿង។
ដោយក្នុងនោះ រួមមាន ទោចក្រយានយន្តចំនួន ៩១៤គ្រឿង ត្រីចក្រយានយន្ត ចំនួន៤៤០គ្រឿង និង រថយន្តចំនួន ១ ៦១៤គ្រឿង។

យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨ គ្រឿង យានយន្តម៉ាក TOYOTA ចំនួន២៦១គ្រឿង និងម៉ាក TESLAចំនួន១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត។

ក្រសួងសាធារណការ៖ ការចុះបញ្ជីយានយន្តអគ្គិសនីមានការកើតឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ។
ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុងដែលជានិន្នាការចាស់។

ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវគេនិយាយថា ចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប ហើយលើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ នេះបើតាមក្រសួងដដេលបានបញ្ជាក់។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD របស់ចិន បានបើករោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ ដែលជារោងចក្រដំបូងគេរបស់ក្រុមហ៊ុនយក្សរបស់ចិនមួយនេះ នៅអាស៊ីអាគ្នេយ៍ ដែលជាទីផ្សាររថយន្តអគ្គិសនីកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters សប្តាហ៍កន្លងទៅ។

នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu បាននិយាយនៅក្នុងពិធីបើកសម្ពោធរោងចក្រនាថ្ងៃទី ៤ខែកក្កដា កន្លងទៅនេះថា ប្រទេសថៃ មានចក្ខុវិស័យរថយន្តអគ្គិសនី (EV) ច្បាស់លាស់ និងកំពុងឈានចូលយុគសម័យថ្មីនៃការផលិតរថយន្ត។ យើងនឹងនាំយកបច្ចេកវិទ្យាពីប្រទេសចិនមកកាន់ប្រទេសថៃ។

រោងចក្រ BYD គឺជាផ្នែកមួយនៃការវិនិយោគដែលមានតម្លៃជាង ១,៤៤ពាន់លានដុល្លារពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ដែលកំពុងបង្កើតរោងចក្រនៅក្នុងប្រទេសថៃ ក្រោមការជួយឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងការលើកទឹកចិត្តផ្នែកពន្ធ។

យោងតាមក្រុមហ៊ុន BYD ធ្លាប់បានប្រកាសកាលពីកន្លងទៅថា រោងចក្រនេះ មានតម្លៃ ៤៩០លានដុល្លារ និងមានសមត្ថភាពផលិតរថយន្តអគ្គិសនីចំនួន ១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ រួមទាំងរថយន្ត Plug-in Hybrid ផងដែរ។ រោងចក្រនេះស្ថិតនៅខេត្តរ៉ាយ៉ង ភាគខាងកើតប្រទេសថៃ នឹងផ្តល់ការងារដល់កម្មករប្រហែល ១ម៉ឺននាក់។

ប្រទេសថៃ គឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានគ្រប់គ្រងជាយូរមកហើយដោយក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន ដូចជា Toyota Motor, Honda Motor និង Isuzu Motors៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version