ប៉ូលិសអូស្ត្រាលី ចាប់ខ្លួនប្តី​ប្រពន្ធ​២នាក់ ពី​បទ​ធ្វើ​ចារកម្ម​ឱ្យ​រុស្ស៊ី!

មន្ត្រីជាន់ខ្ពស់បាននិយាយ កាលពីថ្ងៃសុក្រទី12 ខែកក្កដាថា៖ ប៉ូលីសអូស្ត្រាលី បានចោទប្រកាន់ប្តីប្រពន្ធ២នាក់ ដែលមានដើមកំណើតជាជនជាតិរុស្ស៊ី ពីបទធ្វើចារកម្មឱ្យទីក្រុងម៉ូស្គូ។
ពួកគេបានចូលប្រើប្រាស់សម្ភារៈដែលទាក់ទងនឹង សន្តិសុខជាតិយោធា…!។

ស្នងការប៉ូលិសសហព័ន្ធ លោក Reece Kershaw បានប្រាប់សន្និសីទសារព័ត៌មានថា៖ បុរសជាប្តីអាយុ៦២ឆ្នាំ និងប្រពន្ធអាយុ៤០ឆ្នាំ កាន់លិខិតឆ្លងដែនរុស្ស៊ី ត្រូវចោទប្រកាន់ថា បានរៀបគម្រោងធ្វើចារកម្ម។
ស្ត្រីជាប្រពន្ធ គឺជាអ្នកបម្រើការឯកជននៅក្នុងជួរកងកម្លាំងការពារជាតិអូស្ត្រាលី ហើយបានធ្វើការនៅទីនោះជាច្រើនឆ្នាំ ក្នុងនាមជាអ្នកបច្ចេកទេសផ្នែកប្រព័ន្ធព័ត៌មាន។
នាងបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដោយមិនបានជូនដំណឹងដល់កងកម្លាំងការពារជាតិ អំឡុងពេលឈប់សម្រាករយៈពេលវែងរបស់នាង។

អំឡុងពេលស្ថិតនៅក្នុងប្រទេសរុស្ស៊ី នាងត្រូវបានគេចោទប្រកាន់ថា បានប្រាប់ប្តីរបស់នាង អំពីរបៀបចូលទៅក្នុងគណនីផ្លូវការរបស់នាង។
ដូច្នេះលោក Kershaw បញ្ជាក់ថា «យើងចោទប្រកាន់បុរសជាប្តី ពីការរៀបគម្រោងយកឯកសារ ដើម្បីផ្ញើរទៅឱ្យប្រពន្ធនៅរុស្ស៊ី។
ចំណែក បញ្ហាត្រង់ថាព័ត៌មាននោះត្រូវបានប្រគល់ឱ្យដល់ដៃឬនៅ គឺកំពុងស្ថិតក្រោមការស៉ើបអង្កេត។ បទ​ចោទ​នេះ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អតិបរមា១៥ឆ្នាំ។

គួរបញ្ជាក់ថា ប្តីប្រពន្ធមួយគូនេះ គឺជាអ្នកដែលបានរស់នៅក្នុងប្រទេសអូស្រ្តាលីលើសពី១០ឆ្នាំ ហើយទទួលបានសញ្ជាតិអូស្រ្តាលី។ ពួកគេត្រូវចាប់ខ្លួនក្នុងផ្ទះ នៅឯទីក្រុង Brisbane កាលពីថ្ងៃព្រហស្បតិ៍ ហើយនឹងត្រូវបង្ហាញខ្លួននៅតុលាការក្រុង magistrates នាថ្ងៃសុក្រនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version