ប្រកាសចូលកាន់មុខតំណែងរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃចំនួន៤រូប!

(ភ្នំពេញ)៖ នារសៀលទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំនួន ៤រូប រួមមាន ឯកឧត្តម គង់ សោភ័ណ្ឌ។
ឯកឧត្តម អ៊ូច ភា។
ឯកឧត្តម ងួន រតនៈ ។
និងឯកឧត្តម ស្វាយ សំអ៊ាង។

-មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃទាំងអស់ ។
ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពការងារ ដែលខ្លួនទទួលបន្ទុកតាមអគ្គនាយកដ្ឋានឬអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ។
ហើយអង្គភាពជំនាញទាំងអស់ក៏ត្រូវតែគោរពឋានានុក្រមការងារ មតិយោបល់ និងការណែនាំទម្រង់ទិសពីថ្នាក់ដឹកនាំទទួលបន្ទុក។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍បន្តថា តួនាទីជារដ្ឋលេខាធិការក្ដី អនុរដ្ឋលេខាធិការក្ដី ដែលទទួលភារកិច្ចជួយរដ្ឋមន្ត្រីលើកិច្ចការក្នុងវិស័យមហាផ្ទៃ មិនអាចធ្វើត្រឹមតែការងារគ្រីស ឬចុះហត្ថលេខា ចម្លងឯកសារនានាពីអង្គភាពជំនាញឡើងមករដ្ឋមន្រ្តីនោះឡើយ ។

ពោលគឺត្រូវតែមានការទទួលខុសត្រូវកម្រិតនយោបាយ ដើម្បីធានាថា កិច្ចការ ឬសំណើទាំងឡាយរបស់អង្គភាពដែលខ្លួនទទួលបន្ទុកបានធ្វើ និងលើកមក គឺពិតជាត្រឹមត្រូវតាមច្បាប់ គោលការណ៍ ដើម្បីបម្រើផលប្រយោជនជាតិ និងប្រជាជន។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំរដ្ឋលេខាធិការទទួលបន្ទុក ដឹកនាំអនុរដ្ឋលេខាការ សម្របសម្រួលជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ឬអង្គភាព ដែលខ្លួនទទួលបន្ទុក រៀបចំផែនការតាមដានការងារក្នុងវិស័យរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវលើកកម្ពស់បរិយាកាសនៃការបំពេញការងារប្រកបដោយភាពចុះសម្រុងគ្នា ពីព្រោះតួនាទី និងភារកិច្ចរបស់គ្រប់តួអង្គនៅក្រសួងមហាផ្ទៃ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅរួម គឺធានាជូនប្រមុខរាជរដ្ឋាភិបាល និងប្រជាជននូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសេវាសាធារណៈផ្សេងៗប្រកបដោយគុណភាព។

សូមបញ្ជាក់ថា រដ្ឋលេខាធិការថ្មីចំនួន៤រូបនៃក្រសួងមហាផ្ទៃ ដែលត្រូវបានប្រកាស និងប្រគល់ភារកិច្ចនាថ្ងៃនេះ រួមមាន ឯកឧត្តម គង់ សោភ័ណ្ឌ ទទួលជួយទៅលើការងារអគ្គលេខាធិការដ្ឋាន ជាមួយឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ។
ឯកឧត្តម ងួន រតនៈ ទទួលជួយលើការងារប្រឆាំងការជួញដូរមនុស្ស ជាមួយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ។
ឯកឧត្តម អ៊ូច ភា រួមទាំងឯកឧត្តម ស្វាយ សំអ៊ាង ទទួលជួយ លើការងារលេខាធិការដ្ឋានអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ជាមួយឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version