ភ្លៀងធ្លាក់ខ្លាំងពេក ជន់លិចផ្ទះនិងផ្លូវមួយចំនួន នៅក្រុងតូរ៉ុនតូ ប្រទេសកាណាដា!

ដោយសារភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃអង្គារ (១៦ កក្កដា) បានបង្កឱ្យមានទឹកជំនន់ ឡើងយ៉ាងគំហុកនៅក្នុងផ្នែកខ្លះនៃទីក្រុងតូរ៉ុនតូ (Toronto) ។
ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់កាណាដា បណ្តាលឱ្យដាច់ចរន្តអគ្គិសនី រំខានចរាចរណ៍ និងបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយសេវាកម្មរបស់ខ្លួន។

ក្រុមហ៊ុន តូរ៉ុនតូ អ៊ីដ្រូ (Toronto Hydro) ដែលជាស្ថាប័នចែកចាយថាមពលក្នុងស្រុកបាននិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹងការដាច់ចរន្តអគ្គិសនីដែលខ្លួនសង្ស័យថាបណ្តាលមកពីទឹកជំនន់ជន់លិច នៅស្ថានីយ៍បញ្ជូនថាមពល ហើយនៅត្រឹមម៉ោង ៣ រសៀល អតិថិជនប្រហែល ១២៣.០០០ គ្រួសារគ្មានថាមពលប្រើប្រាស់។

អាកាសយានដ្ឋាន ប៊ីលលី ប៊ីស្ហប (Billy Bishop) ដែលស្ថិតនៅលើកោះមួយនៅកណ្តាលក្រុងតូរ៉ុនតូ បាននិយាយថា ផ្លូវក្រោមដីសម្រាប់អ្នកថ្មើរជើងឡើងទៅចំណតអ្នកដំណើរត្រូវបានជន់លិច និងត្រូវបានបិទជាបណ្តោះអាសន្ន ហើយយ៉ាងហោចណាស់ជើងហោះហើរមួយចំនួនត្រូវបានពន្យារពេល ឬលុបចោល។

អាជីវកម្មជាច្រើននៅទីក្រុងតូរ៉ុនតូ ត្រូវផ្អាកសេវាកម្មដោយសារពុំមានចរន្តអគ្គិសនី ។
ខណៈភ្លើងចរាចរណ៍ត្រូវរលត់ ដែលបណ្ដាលឱ្យមានការកកស្ទះយ៉ាងខ្លាំង។
អ្នកជំនាញអាកាសធាតុបាននិយាយថា នៅទូទាំងពិភពលោក ព្យុះភ្លៀងខ្លាំងកំពុងក្លាយជារឿងធម្មតាព្រោះតែបម្រែបម្រួលអាកាសធាតុ ដែលដាក់បន្ទុកទៅលើហេដ្ឋារចនាសម្ព័ន្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version