Update៖ លោក ហ្សេលេនស្គី អំពាវនាវឱ្យសហភាពអឺរ៉ុប បន្តគាំទ្រអ៊ុយក្រែន!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅថ្ងៃព្រហស្បតិ៍ (ខែកក្កដា 18) បានអំពាវនាវឱ្យអឺរ៉ុប រួបរួមក្នុងការគាំទ្រទីក្រុង Kyiv។
លោក ហ្សេលេនស្គី បានថ្លែងបែបនេះ ខណៈរូបគាត់មកដល់កិច្ចប្រជុំកំពូល នៅចក្រភពអង់គ្លេសជាមួយមេដឹកនាំមកពីជុំវិញទ្វីប។

មុនពេលកិច្ចប្រជុំលោក Zelensky បានថ្លែងថា សម្រាប់ពួកយើង វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាការរួបរួមនៅអឺរ៉ុប ពីព្រោះការរួបរួមនេះតែងតែនាំទៅរកការសម្រេចចិត្តដ៏រឹងមាំ។

ក្នុងអំឡុង ពេលកិច្ចប្រជុំកំពូលនេះ មេដឹកនាំអ៊ុយក្រែន នឹងអង្គុយជជែកជាមួយមេដឹកនាំប្រហែល៤៥រូបមកពីទូទាំងទ្វីបអ៊ឺរ៉ុប នៅវិមាន Blenheim ដ៏ប្រណិតក្បែរទីក្រុង Oxford។
បន្ទាប់មក លោក Zelensky ក៏គ្រោងនឹងជួបពិភាក្សាទ្វេភាគី ជាមួយមេដឹកនាំជាច្រើនរូប រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងស្តេច Charles III។ ហើយ លោកក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស ដើម្បីគាំទ្រដល់វិស័យការពារជាតិ និងឧស្សាហកម្មអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា ការអំពាវនាវរបស់លោក Zelenskyy នេះ កើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បានជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីដើមខែនេះ ដែលបានធ្វើឱ្យមានការខកចិត្តពីសមភាគីសហភាពអឺរ៉ុប។
ទោះបីជាលោក Orban បានបង្ហាញការគាំទ្រចំពោះអ៊ុយក្រែននៅឯកិច្ចប្រជុំក៏ដោយ លោកក៏បានសង្កត់ធ្ងន់ថា ដំណោះស្រាយចំពោះសង្រ្គាមមិនអាចរកឃើញ នៅក្នុងសមរភូមិនោះទេ។

ទន្ទឹមគ្នានេះ អ៊ុយក្រែន និងសម្ព័ន្ធមិត្តនៅអឺរ៉ុបកំពុងតាមដានយ៉ាងដិតដល់ ចំពោះការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ ដោយសារតែមានការព្រួយបារម្ភថា លោក Donald Trump អាចកាត់បន្ថយជំនួយរបស់អាមេរិកដល់អ៊ុយក្រែន ប្រសិនបើលោកត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version