ព្យុះទីហ្វុង បានបោកបក់ទៅលើកោះតៃវ៉ាន់ ជាហេតុនាំឱ្យផ្អាកជើងហោះហើរ!

ក្រុងតៃវ៉ាន់ បានត្រៀមខ្លួនចំពោះការមកដល់នៃព្យុះទីហ្វុង Gaemi នៅថ្ងៃពុធនេះ ដោយបិទផ្សារហិរញ្ញវត្ថុជាបណ្តោះអាសន្ន ។
ចំណែកប្រជាពលរដ្ឋបានផ្អាកសកម្មភាពការងារ រីឯជើងហោះហើរត្រូវបានលុបចោល ខណៈទាហានប្រុងបៀប ជួយសង្រ្គោះ។
-នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤។

អាហារដ្ឋានានា នៅតំបន់ជនបទ Yilan ជាកន្លែងដែលព្យុះទីហ្វុងបោកបក់មកដល់មុនគេ ។
បានបិទទ្វារ ខណៈដែលការធ្វើចរាចរណ៍តាមផ្លូវជាច្រើនត្រូវបានផ្អាក។
រីឯ សកម្មភាពធ្វើការងារ និងសាលារៀនត្រូវបានផ្អាកទូទាំងកោះតៃវ៉ាន់ ដោយស្ទើរតែគ្មានអ្នកធ្វើដំណើរនោះទេ នៅតាមដងក្នុងរដ្ឋធានីតៃប៉ិ។

មនុស្សជាង ២,០០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ភ្នំ ដែលមានប្រជាជនរស់នៅតិច និងមានហានិភ័យខ្ពស់ នៃការរអិលបាក់ដីដោយសារតែភ្លៀងធ្លាក់ខ្លាំង។

បើតាមក្រសួងដឹកជញ្ជូន ជើងហោះហើរក្នុងស្រុកស្ទើរតែទាំងអស់ត្រូវបានលុបចោល រួមទាំងជើងហោះហើរអន្តរជាតិចំនួន ២០១។

ប្រតិបត្តិការផ្លូវដែកទាំងអស់ នឹងឈប់ដំណើរការចាប់ពីពាក់កណ្តាលថ្ងៃត្រង់ ដោយមានតែខ្សែរថភ្លើងល្បឿនលឿន រវាងភាគខាងជើង និងខាងត្បូងតៃវ៉ាន់ ប៉ុណ្ណោះដែលនៅដំណើរការ។

នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក Cho Jung-tai បានប្រាប់កិច្ចប្រជុំនៃមជ្ឈមណ្ឌលឆ្លើយតបគ្រាអាសន្នថា ២៤ម៉ោងក្រោយ នឹងឃើញមានបញ្ហាប្រឈមធ្ងន់ធ្ងរ។
អាជ្ញាធរឧតុនិយមនិយាយថា តាមការព្យាករណ៍ Gaemi ដែលនឹងក្លាយជាព្យុះដ៏មានឥទ្ធិពលបោកបក់លើ កោះតៃវ៉ាន់ ​មិនធ្លាប់មានរយៈពេល ៨ឆ្នាំ អាចទៅដល់តំបន់ឆ្នេរសមុទ្រភាគឦសាន នាល្ងាចថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។

ក្រោយមក នឹងវិវត្តន៍ទៅជាព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ ដែលមានកម្លាំងខ្យល់បក់រហូតដល់ ២២៧គីឡូម៉ែត្រក្នុងមួយម៉ោង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version