(កំពង់ធំ)៖ ចៅក្រមស៊ីបសួរ នៃសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី២៩.០៧.២០២៤ បានសម្រេច ចេញដីកាឃុំខ្លួន ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ នៃសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួមនិងបក្ខពួកម្នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន…!។
-ក្រោយ ACU ឃាត់ខ្លួនបញ្ជូនមកកាន់តុលាការ ពាក់ព័ន្ធករណីទន្ទ្រានកាន់កាប់ដីព្រៃ និងប្រព្រឹត្តអំពើពុករលួយ.!។
-បើយោងតាមការបញ្ជាក់ ពីលោក សូ សុវណ្ណារ៉េត អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ ដែលបានថ្លែងប្រាប់«ដើមរាំង»នៅរសៀលថ្ងៃទី៣១.០៧.២០២៤។
-បើតាមលោក សូ សុវណ្ណារ៉េត ជនត្រូវចោទទាំង២នាក់៖
ទី១៖ ឈ្មោះ ហេ គឿន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ នៃសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវចោទប្រកាន់ពីបទ៖«បំផ្លាញដោយចេតនា និងគៃបំបាត់ ដោយទុច្ចរិត ក្នុងការបំបាត់ដីតំបន់ព្រៃលិចទឹក»។
២៖ ឈ្មោះ សែ សុងហេង ភេទប្រុស អាយុ៥៨ឆ្នាំ មុខកសិករ ត្រូវបានចោទប្រកាន់ ពីបទ៖«សមគំនិតក្នុងអំពើបំផ្លាញដោយ ចេតនា និងគៃបំបាត់ដោយទុច្ចរិត ក្នុងការបំបាត់ដីតំបន់ព្រៃលិចទឹក»។
-ជុំវិញការឃុំខ្លួនបុគ្គល២រូបខាងលើ ដើមឡើយឈ្មោះ សែ សុងហេង និងបក្ខពួក បានចូលកាន់កាប់និង ឈូសឆាយដីព្រៃលិចទឹក ចាប់ពីចំណុចទួលគោកព្រះ ព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងកំពង់ធំ តំបន់ស្នងមែន រហូតដល់តំបន់ក្រពើគោះ និងចំណុចខាងត្បូង អាងស្នែងក្របី..!។
ដោយឈ្មោះ សែ សុងហេង គឺជាអ្នករៀបដីឲ្យបុគ្គលអ្នកមានលុយ និងមានអំណាចមួយចំនួន។
ការឈូសឆាយទន្ទ្រានដីតំបន់បី ក្នុងខេត្តកំពង់ធំ គឺជាចំណុចក្ដៅគគុក ដែលបានអូសបន្លាយ ប៉ុន្មានឆ្នាំមកនេះ។
កន្លងទៅសម្ដេចមហាបវរធិបតី បានដាក់បទបញ្ជារឲ្យរដ្ឋបាលខេត្តទាំង៦ជុំវិញបឹងទន្លេសាប ត្រូវការពារដីតំបន់បីឲ្យបានជាដាច់ខាត! ហើយជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ លោក នួន ផារ័ត្ន អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ បានប្រកាសហាមឃាត់ មិនឲ្យមានការរុករានទន្ទ្រានដីតំបន់ ហាមឃាត់ យកធ្វើកម្មសិទ្ធឡើយ៕