រកឃើញជំងឺផ្តាសាយបក្សី លើក្មេងប្រុសអាយុ៤ឆ្នាំ នៅស្រុករមាសហែក!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពី ករណីជំងឺផ្តាសាយបក្សី លើក្មេងប្រុសអាយុ៤ឆ្នាំ នៅភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

ដែលវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៉ិន១ (H5N1)ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសនេះ មានគ្រុនក្តៅ ក្អក ហត់ ពិបាកដកដង្ហើម និងសន្លឹម។ បច្ចុប្បន្ន​ស្ថានភាព​អ្នកជំងឺបានធូរស្រាល និងកំពុងទទួលបានការ ថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។

តាមការសាកសួរបង្ហាញថា ប្រហែល១២ថ្ងៃមុនចាប់ផ្តើមឈឺ នៅក្នុងភូមិ និងនៅផ្ទះអ្នកជំងឺ មានមាន់ទាងាប់ចំនួនជាច្រើនក្បាល និងជាហូរហែ ហើយបានយក មកធ្វើម្ហូបបរិភោគ ក្មេងប្រុសបានប៉ះពាល់និងកាន់មាន់ងាប់ ព្រមទាំងចូលចិត្តលេងជាមួយមាន់ទា។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតប ទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្ត ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1នៅតែបន្តគំរាមកំហែងដល់សុខភាព ប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាក ដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមាន រោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version