Update៖ បង់ក្លាដែស រងការរិៈគន់កាន់តែខ្លាំង ករណីស្លាប់ក្រុមបាតុករជាង២០០នាក់

សម្ពាធអន្តរជាតិកំពុងកើនឡើង លើប្រទេសបង់ក្លាដែស ដើម្បីបញ្ឈប់ការប្រើហិង្សា ក្រុមនិស្សិតដែលតវ៉ា បន្ទាប់ពីវីដេអូឃ្លីប និងរូបថតជាច្រើនបានរីកសុះសាយ នៅលើបណ្តាញសង្គម កាលពីសប្តាហ៍មុន។
ដែលបង្ហាញពីកងកម្លាំងនគរបាល កងទ័ព និងកងកម្លាំងប្រដាប់អាវុធបានបាញ់គ្រាប់កាំភ្លើងពិត និងឧស្ម័នបង្ហៀរទឹកភ្នែក ទៅលើក្រុមបាតុករ គ្មានអាវុធក្នុងដៃ..!។

អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងអង្គការលើកលែងទោសអន្តរ​ជាតិ ស្ថិតក្នុងចំណោមអ្នកដែលបានអំពាវនាវឱ្យរដ្ឋាភិបាលក្រុង​ដាកា បន្ធូរដៃដល់ក្រុមនិស្សិត ដែលបាននឹងកំពុងទាមទារឱ្យបញ្ចប់កូតាសម្រាប់​ការងាររបស់រដ្ឋាភិបាល ដែលនឹងកំណត់លទ្ធភាពការងាររបស់ពួកគេ។

បណ្ដាគ្រូបង្រៀននៅតាមសាកលវិទ្យាល័យ បានចូលរួមក្នុងការតវ៉ាដែលបានចាប់ផ្តើមបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់កាលពីថ្ងៃទី១ ខែកក្កដា បង្កើតកូតាឡើងវិញ ហើយក្រុមអ្នកវិភាគនិយាយថា និស្សិតកំពុងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋសាមញ្ញ។

ប្រព័ន្ធកូតា ៣០% នៃការងារមន្ត្រីរាជការ ដែលត្រូវបានចាត់ទុកថាជាជម្រើសការងារស្ថិរភាពបំផុតសម្រាប់ប្រជាជនបង់ក្លាដែសវ័យក្មេងនៅក្នុងប្រទេស ។
ដែលប្រឈមនឹងភាពអត់ការងារធ្វើខ្ពស់ នឹងត្រូវបានបម្រុងទុកសម្រាប់ចៅៗរបស់អ្នកដែលបានប្រយុទ្ធជាមួយប៉ាគីស្ថានក្នុងសង្គ្រាមរំដោះប្រទេសបង់ក្លាដែសឆ្នាំ១៩៧១។

យោងតាមរបាយការណ៍របស់នគរបាល និងមន្ទីរពេទ្យ មនុស្សជាង ២០០​នាក់បានស្លាប់នៅក្នុងអំពើហិង្សារវាងថ្ងៃទី ១៦ និង ២២ ខែកក្កដា។
ការស្លាប់ជាច្រើននៅតែមិនទាន់បានចុះឈ្មោះ ខណៈមានសាកសពជាច្រើនមិនបានទៅដល់មន្ទីរពេទ្យ និងប៉ុស្តិ៍នគរបាល ។
តួលេខក្រៅផ្លូវការបានដាក់ចំនួនអ្នកស្លាប់ ចន្លោះពី៣០០ ទៅ ៥០០នាក់ឯណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version