Update៖ ក្រុមហេសបូឡា.លីបង់ បើកការវាយប្រហារដោយដ្រូន មកលើអ៊ីស្រាអែល!

ក្រុមហេសបូឡា បានប្រើដ្រូននិងគ្រាប់រ៉ុក្កែត ក្នុងការវាយប្រហារជាបន្តបន្ទាប់ មកលើភាគខាងជើងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ (ទី៦ ខែសីហា) ។
ដោយចាត់ទុកថា សកម្មភាពនេះ ជាការឆ្លើយតបចំពោះអ៊ីស្រាអែល ដែលបានសម្លាប់ មេបញ្ជាការរបស់ខ្លួន កាលពីសប្តាហ៍មុន..!។

ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានបាញ់បង្ហោះយានដ្រូន សំដៅទីតាំងយោធាចំនួន២ នៅជិតទីក្រុង Acre ភាគខាងជើងអ៊ីស្រាអែល ហើយថែមទាំងបានវាយប្រហារ រថយន្តយោធាអ៊ីស្រាអែល នៅកន្លែងផ្សេងមួយទៀតផងដែរ។

ចំណែកយោធាអ៊ីស្រាអែល បាននិយាយថា យានដ្រូនអរិភាពមួយចំនួន ត្រូវបានកំណត់អត្តសញ្ញាណហោះឆ្លងកាត់ចេញពីប្រទេសលីបង់ ហើយមួយគ្រឿងត្រូវបានស្ទាក់ចាប់។

យោធាបានប្រាប់ទៀតថា ជនស៊ីវិលជាច្រើននាក់ បានរងរបួសនៅភាគខាងត្បូងនៃទីក្រុងឆ្នេរសមុទ្រ Nahariya។

រូបភាពវីដេអូរបស់ទូរទស្សន៍ Reuters បានបង្ហាញពីកន្លែងប៉ះពាល់មួយនៅជិតចំណតរថយន្តក្រុងលើផ្លូវធំមួយ នៅខាងក្រៅទីក្រុង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបានឲ្យដឹងថា សំឡេងស៊ីរ៉ែនបានបន្លឺឡើងនៅជុំវិញទីក្រុង Acre ប៉ុន្តែសំឡេងនោះបានប្រែក្លាយជាការជូនដំណឹងក្លែងក្លាយទៅវិញ។

ជាមួយគ្នានេះ យោធាបានបន្ថែមទៀតថា កងកម្លាំងអាកាសរបស់ខ្លួន បានវាយប្រហារទីតាំងរបស់ក្រុមហេសបូឡាចំនួន២ នៅភាគខាងត្បូងប្រទេសលីបង់។

គួរបញ្ជាក់ថា ការភ័យខ្លាចកំពុងកើនឡើងយ៉ាងខ្លាំង ដែលថា តំបន់មជ្ឈិមបូព៌ាអាចនឹងត្រូវបានប្រែក្លាយទៅសង្រ្គាមពេញទំហឹង ។
បន្ទាប់ពីមានការសន្យាដោយក្រុមហេសបូឡាថា នឹងសងសឹកចំពោះការសម្លាប់មេបញ្ជាការរបស់ក្រុមនេះ គឺលោក Fuad Shukr ហើយអ៊ីរ៉ង់ក៏ប្ដេជ្ញា ឆ្លើយតបផងដែរទៅនឹងការធ្វើឃាតលើប្រមុខក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅទីក្រុងតេអេរ៉ង់ កាលពីសប្តាហ៍មុន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version