Update៖ អង់គ្លេស ពង្រាយកម្លាំងប៉ូលិស៦.០០០នាក់ ដើម្បីត្រៀមបង្ក្រាបក្រុមបាតុករ!

ប៉ូលិសអង់គ្លេស កាលពីថ្ងៃពុធ បានដាក់ពង្រាយកម្លាំងបន្ថែម ដើម្បីត្រៀមបង្ក្រាបក្រុមបាតុករ ដែលប្រឆាំងជនមូស្លីម និងជនអន្តោប្រវេសន៍ ។
ខណៈដែលស្ថានការណ៍នៅក្នុងប្រទេសកាន់តែក្តៅឡើយហើយ។
-នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែសីហា។

រដ្ឋាភិបាលបានបង្កើន កម្លាំងប៉ូលិសជំនាញរហូតដល់៦,០០០នាក់ ដើម្បីឆ្លើយតបទៅ នឹងអំពើហិង្សាណាមួយដែលអាចកើតឡើង ហើយនិយាយថា ពួកគេនឹងមានវត្តមានច្រើនល្មមដើម្បីដោះស្រាយអសន្តិសុខណាមួយ។

លោក Mark Rowley ប្រធានប៉ូលិសទីក្រុងឡុងដ៍ បាននិយាយថា មន្ត្រីនៅទីតាំងយុទ្ធសាស្ត្រសំខាន់ៗនឹងអាចសម្របខ្លួនបានយ៉ាងរហ័ស ដោយបន្ថែមថា ផែនការរបស់ប៉ូលិសត្រូវបានផ្អែកលើបញ្ជី នៃគោលដៅដែលអាចកើតមាន ។
ប៉ុន្តែពួកគេក៏ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ផ្សេងទៀតផងដែរ។

លោកបានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា នោះហើយជាមូលហេតុដែលយើងមានមន្ត្រីរាប់ពាន់នាក់នៅយប់នេះ យើងនឹងការពារមនុស្សទាំងនោះ។

វាមិនអាចទទួលយកបានទេ ក្នុងការបំភិតបំភ័យណាមួយនៃសកម្មភាពស្របច្បាប់ ហើយយើងនឹងមិនអនុញ្ញាតឱ្យប្រព័ន្ធអន្តោប្រវេសន៍ត្រូវបានគំរាមកំហែងឡើយ។

ទន្ទឹមនឹងនេះ លោក Stephen Parkinson នាយកការិយាល័យព្រះរាជអាជ្ញាសាធារណៈ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចូលរួមរបស់កុមារ ដែលអាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៅពេលអនាគត ដោយសារតែសកម្មភាពហិង្សាទាំងនេះ។

គួរបញ្ជាក់ថា រលកអំពើហិង្សានេះបានផ្ទុះឡើងកាលពីដើមសប្តាហ៍មុន បន្ទាប់ពីក្មេងស្រីបីនាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយកាំបិតនៅ Southport ភាគពាយ័ព្យប្រទេសអង់គ្លេស។

ក្រុមស្តាំនិយមជ្រុលបានទាញយកផលប្រយោជន៍ពីករណីនេះ ដោយចោទប្រកាន់ថា ជនសង្ស័យជាជនអន្តោប្រវេសន៍មូស្លីម បើទោះបីជាព័ត៌មាននេះមិនត្រឹមត្រូវក៏ដោយ។ ពួកគេបានប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កើនកំហឹងក្នុងសង្គម។

ក្រុមហ៊ុនមេធាវីជំនាញខាងអន្តោប្រវេសន៍ និងមជ្ឈមណ្ឌលគាំទ្រជនអន្តោប្រវេសន៍បានបិទទ្វារជាបណ្តោះអាសន្ន ដើម្បីការពារបុគ្គលិករបស់ពួកគេ។

សេវាគ្រូពេទ្យគ្រួសារមួយចំនួន នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយការតវ៉ា ក៏បានប្រកាសបិទទ្វារមុនម៉ោងធ្វើការផងដែរ។

ការណែនាំរបស់ប៉ូលិស និងព័ត៌មានពីក្រុម WhatsApp ក្នុងសង្កាត់ កំពុងត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយលម្អិតពីតំបន់ដែលគួរជៀសវាង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version