បញ្ជាការដ្ឋានការពារ.កោះ.ឆ្នេរ នៃកងទ័ពជើងទឹក ថ្កោលទោសនិងប្រឆាំងដាច់ខាតចំពោះក្រុមឧទ្ទាមក្រៅច្បាប់!

(ភ្នំពេញ)៖ បញ្ជាការដ្ឋានការពារ កោះ ឆ្នេរ នៃកងទ័ពជើងទឹក បានប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ។
ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោត ដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។

បញ្ជាការដ្ឋានការពារកោះ ឆ្នេរនៃកងទ័ពជើងទឹក ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ទន្ទឹមនឹងនេះ បញ្ជាការដ្ឋានការពារកោះ ឆ្នេរនៃកងទ័ពជើងទឹក ប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។
ម្យ៉ាងវិញទៀត បញ្ជាការដ្ឋានការពារកោះ ឆ្នេរនៃកងទ័ពជើងទឹក នឹងបង្រ្កាប និងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទោះក្នុងរូបភាពណាក្តី។

គួរបញ្ជាក់ថា ការចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់នេះធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆំាងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសបានអំពាវនាវ និងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version