សម្តេចធិបតី អញ្ជើញទទួលរតនវត្ថុរបស់ខ្មែរ ដែលទាមទារបានពីបរទេសមកវិញ!

(ភ្នំពេញ)៖ នៅព្រឹកទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុង​ពិធី​ទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក..ពិធីនេះរៀបចំឡើងនៅវិមានសន្តិភាពភ្នំពេញ។

ការយាងត្រឡប់មកវិញ នៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិន ដាច់​របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេសរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញ សង្កាត់ម៉ាន់ហាថាន។

សម្បត្តិវប្បធម៌ខ្មែរ សរុបចំនួន៧០រូបដែលទទួលនាពេលនេះ តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការ ចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការ បានត្រូវប្រគល់មកវិញពី៖ គ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក, ព្រមទាំងពីម្ចាស់សមុច្ច័យ ឯកជននានានៅសហរដ្ឋអាមេរិក។

ក្នុងចំណោមវត្ថុពិចិត្រទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណីតដូចជា បដិមា ទេពនៃទេវកថា​មហា​ភា​រតៈ, បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ ។
មកពីអតីតរាជធានី​កោះ​កេរ ព្រមទាំង​ព្រះសិរនៃព្រះលោកសូ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គស្ថិតនៅ សារមន្ទីរ​ជាតិ​ភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការ ជួញដូរខុសច្បាប់។

សូមបញ្ជាក់ថា ម្លប់សុខសន្តិភាព បានធ្វើឱ្យរាជរដ្ឋាភិបាលខ្មែរ ដែលមានក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ បានប្រឹងប្រែងស្វះស្វែងរកព្រះបដិមាខ្មែរដែលបាត់បង់ក្នុងសម័យសង្គ្រាម ហើយប្រឹងប្រែង តស៊ូផ្នែកច្បាប់ និងកិច្ចអន្តរាគមន៍នានាយ៉ាងស្វិតស្វាញ នាំមកវិញជាបន្តបន្ទាប់ នូវព្រះបដិមាដែលជារតនៈសម្បត្តិរបស់ខ្មែរ។

កាលពីឆ្នាំ២០២៣ គ្រឿងអលង្ការបុរាណខ្មែរធ្វើពីមាស និងលោហៈមានតម្លៃទាំងធំ-តូច ចំនួន ៧៧គ្រឿង ត្រូវបាននាំយកពីចក្រភពអង់គ្លេសមកប្រទេសកម្ពុជាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version