ជំនន់ទឹកភ្លៀងនៅបង់ក្លាដែស លិចផ្លូវជាច្រើន ខណៈមនុស្ស១.៥លាននាក់កំពុងជាប់គាំង!

ស្ថានភាពទឹកជំនន់ នៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស កាន់តែយ៉ាប់យ៉ឺនឡើង។
ដោយសារភ្លៀងធ្លាក់ ជាបន្តបន្ទាប់ និងកម្រិតទឹកទន្លេកើនឡើង ដែលបណ្តាលឱ្យមនុស្សជាង១.៥លាននាក់ជាប់គាំង។

ប្រភពពីអាជ្ញាធរបានឲ្យដឹងថា ផ្លូវ និងផ្លូវហាយវេ ដែលតភ្ជាប់ស្រុក Feni, Cumilla, និង Noakhali ត្រូវបានលិចទាំងស្រុង។

ឆ្មាំព្រំដែនបង់ក្លាដែស (BGB) កំពុងធ្វើការយ៉ាងសកម្ម ដើម្បីជួយអ្នកដែលរងផលប៉ះពាល់ នៅក្នុងតំបន់ទាំងនេះ។

នៅទីក្រុង Cumilla កម្រិតទឹកនៅក្នុងទន្លេ Gumti និង Muhuri បានកើនឡើងយ៉ាងខ្លាំង ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង និងការបើកទ្វារទឹកនៅបឹង Dumber Lake ក្នុងទីក្រុង Tripura ប្រទេសឥណ្ឌា ប្រភពពីក្រុមប្រឹក្សាអភិវឌ្ឍន៍ ទឹកនៃប្រទេសបង់ក្លាដែសបានប្រាប់ Anadolu កាលពីថ្ងៃពុធ។

ប្រភពដដែលបានបន្ថែមថា បន្ថែមពីលើនេះ កម្រិតទឹកនៅក្នុងទន្លេ Kushiyara, Manu, Dhalai, Khowai, Muhuri, Feni, Gumti និង Halda បានលើសកម្រិតគ្រោះថ្នាក់រួចទៅហើយ។

នៅក្នុងតំបន់មួយចំនួន រួមទាំងស្រុក Hobiganj នៅភាគឦសាននៃប្រទេសបង់ក្លាដែស កម្រិតទឹកបានឡើងដល់កម្ពស់មិនធ្លាប់មានក្នុងរយៈពេល 50 ឆ្នាំកន្លងមកនេះ។
នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលព្យាករណ៍ និងព្រមានទឹកជំនន់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ទឹកបង់ក្លាដែស (FFWC)។

FFWC បាននិយាយថា កម្រិតទឹកនៃទន្លេ Gumti ក្នុងស្រុក Cumilla អាចលើសពីកម្រិតគ្រោះថ្នាក់ក្នុងរយៈពេល 24 ម៉ោងខាងមុខ ដែលវាអាចបណ្តាលឱ្យមានទឹកជំនន់រយៈពេលខ្លីនៅក្នុងតំបន់ទំនាបក្បែរនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version