ជនត្រូវចោទអះអាងថា ខ្លួនបានបង់លុយឱ្យតុលាការខេត្តឧត្ដរមានជ័យ ២០លានរៀល ជាថ្នូរនឹងដោះលែងនៅក្រៅឃុំ!

(ឧត្ដរមានជ័យ)៖ ស្ដ្រីត្រូវចោទម្នាក់ រួមនិងប្ដី បានលើកឡើងថា ខ្លួនបានរងនូវភាពអយុត្តិធម៌ខ្លាំងណាស់.ដោយត្រូវកូនតុងទីន ប្ដឹងដាក់គុកអស់រយៈពេល១ខែ…!។
លុះស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន បែរជាត្រូវចំណាយលុយយ៉ាងច្រើន ដល់ទៅ៥០លានរៀលឯណោះ.!។

ក្នុងនោះ លុយ៣០លានរៀល សម្រាប់តម្កល់ទុកសងទៅខាងដើមបណ្ដឹង និងទឹកប្រាក់ចំនួន ២០លានរៀលទៀត សម្រាប់ធ្វើការដោះស្រាយ ឱ្យទៅមន្ត្រីតុលាការខេត្តឧត្ដរមានជ័យ ជាថ្នូរនិងការអនុញ្ញាតឱ្យគាត់ បាននៅក្រៅឃុំតាមការស្នើសុំ….!។

-ប្រភពដដែលបញ្ជាក់ប្រាប់«ដើមរាំង»ថា ការប្រគល់លុយទាំងនេះ គឺតាមរយៈលោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ ដូចមានភ្ជាប់ក្នុងកុងធនាគារ ABA ចំនួន១២.៥០០ដុល្លារ!។-ករណីនេះ ពុំមានការបកស្រាយពីលោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ នោះឡើយ!
ខណៈអ្នកនាំពាក្យតុលាការ បង្វែរឱ្យទៅពិនិត្យសេចក្ដីថ្លែងការណ៍…!។

សូមជម្រាបថា ស្ដ្រីត្រូវចោទឈ្មោះ ដុង ស្រីមុំ អាយុ៣៣ឆ្នាំ និងប្តីឈ្មោះ ស៊ុន ហ៊ាយ ភេទប្រុសអាយុ៥៩ឆ្នាំ នៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ..!។
ពួកគាត់បានប្ដឹងទៅ«ប្រធានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម”អង្គភាពប្រឆាំងអំពើពុករលួយ”ក្រសួងយុត្តិធម៌ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
ដើម្បីឱ្យថ្នាក់ដឹកនាំ ចាត់វិធានការស្រាវជ្រាវ ពីភាពមិនប្រក្រតី នៃការអនុវត្តនីតិវិធី ពាក់ព័ន្ធលុយកាក់ស៊ី និងសូកពុករលួយជាដើម។ល។

-នេះបើយោងតាមពាក្យបណ្ដឹង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤..!។
នៅក្នុងបណ្ដឹងនោះលោកស្រី ដុង ស្រីមុំ និងស្វាម៉ី បានសម្ដែងការឈឺចាប់ និងកំពុងដង្ហើយរកយុត្តិធម៌….!។

-ដោយលោកស្រីអះអាងថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នាងខ្ញុំបានចូលខ្លួនតាមដីកាកោះ របស់លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធ នឹងករណីដែលកូនតុងទីន ប្តឹងនាងខ្ញុំពីបទ(ឆបោក)និង(រំលោភទំនុកចិត្ត)។

តែនៅពេលឆ្លើយបំភ្លឺលោក ប៉េង ម៉េងគ័ង ពុំបានស្តាប់នៃការឆ្លើយបំភ្លឺរបស់នាងខ្ញុំឡើយ ដោយថា នាងខ្ញុំជាមនុស្សរឹងទទឹង ហើយបានឱ្យសមត្ថកិច្ចចាប់ខ្លួននាងខ្ញុំ ទៅឃុំខ្លួនរយៈពេល៤៨ម៉ោង!។

ទាំងដែលក្នុងអង្គហេតុជាក់ស្តែងកូនតុងទីន ដែលបានប្តឹងនាងខ្ញុំ បានបំភ្លៃអង្គហេតុ ទាំងពុំមានភស្តុតាងបញ្ជាក់ឡើយ ហើយអ្នកដែលជំពាក់ប្រាក់តុងទីន ពិតប្រាកដ គឺជាកូនតុងទីន ដែលបានប្តឹងនាងខ្ញុំ ហើយនាងខ្ញុំក៏មាន ភស្តុតាង បញ្ជាក់ផងដែរ.!។

លោកស្រីបន្តថា ក្នុងពាក្យបណ្ដឹង ដែលបានប្តឹងនាងខ្ញុំ មានកូនតុងទីន ខ្លះនាងខ្ញុំពុំដែលបានស្គាល់ឡើយ។

នៅពេលឃុំខ្លួននាងខ្ញុំបាន ៤៨ម៉ោង ឯកឧត្តម អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ បានឱ្យសមត្ថកិច្ចនាំខ្លួននាងខ្ញុំ មកឆ្លើយបំភ្លឺ ហើយឯកឧត្តម ចៅក្រម ស៊ើបសួរ បានឱ្យនាងខ្ញុំ បង់ប្រាក់ចំនួន៣០.០០០.០០០៛(សាមសិបលានរៀល) ដើម្បីជាថ្នូរនឹងការដោះ លែងនាងខ្ញុំវិញ..!។
-តែនាងខ្ញុំពុំព្រមឡើយ ហើយចៅក្រមស៊ើបសួរ បានឱ្យសមត្ថកិច្ចនាំខ្លួននាងខ្ញុំ ទៅឃុំនៅ ពន្ធនាគារបន្តទៀត រយៈពេល០១ខែ។

នៅពេលនាងខ្ញុំ កំពុងជាប់ក្នុងពន្ធនាគារ ឯកឧត្តម អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ បានឱ្យនាងខ្ញុំយកប្រាក់ចំនួន៥០,០០០,០០០រៀល (ហាសិបលានរៀលគត់) ជាថ្នូរនឹងការឱ្យនាងខ្ញុំ នៅក្រៅឃុំនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

-លោកស្រី ដុង ស្រីមុំ បញ្ជាក់យ៉ាងច្បាស់ថា ទឹកប្រាក់ ចំនួន៥០,០០០,០០០រៀលខាងលើ..!។
គឺចំនួន៣០,០០០,០០០រៀល (សាមសិបលានរៀល)ដាក់តម្កល់សងទៅខាងដើមបណ្ដឹង និង ទឹកប្រាក់ចំនួន ២០,០០០,០០០រៀល (ម្ភៃលានរៀល)ទៀត សម្រាប់ធ្វើការដោះស្រាយ ឱ្យទៅផ្នែកតុលាការ ជាថ្នូរនិងការដោះលែង ឱ្យលោកស្រី បាននៅក្រៅឃុំ…!។

-លោកស្រីបន្ថែមថា ដោយរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំងបែបនេះ ប្តីរបស់ នាងខ្ញុំ បានស្វះស្វែងរកមេធាវី ហើយក៏បានពឹងពាក់លោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ ធ្វើជាមេធាវីការពារសិទ្ធិឱ្យ នាងខ្ញុំ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៥១ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

ហើយបានបង់សេវាមេធាវី ជូនលោកមេធាវីចំនួន ១.៤០០$ (មួយពាន់បួនរយដុល្លារ) តែលោកមេធាវីរូបនេះ ពុំបានបំពេញកាតព្វកិច្ចការពារ សិទ្ធិឱ្យនាងខ្ញុំឡើយ។

ស្រាប់តែនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នាងខ្ញុំបានទទួលសាលក្រមកាត់កំបាំងមុខ លេខ ៨៣ “ខ”/២៥៥ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តឧត្តរមានជ័យ។
ដោយសម្រេចផ្តន្ទាទោសនាងខ្ញុំកំណត់រយៈពេល០២ឆ្នាំ និងសងសំណងដល់ដើមបណ្ដឹងចំនួន ៩១,៥០០,០០០រៀល (កៅសិបមួយលានប្រាំសែនរៀលគត់) ពីបទ «ឆបោក និងរំលោភលើទំនុកចិត្ត»។

លោកស្រីបញ្ជាក់ទៀតថា ការសម្រេចរបស់តុលាការ បែបនេះ គឺអយុត្តិធម៌បំផុត ចំពោះខ្លួន ហើយធ្វើឱ្យគាត់ឈឺចាប់ខ្លាំងបំផុត ដែលជួបនូវ៖ រឿងអយុត្តិធម៌ខ្លាំងបែប នេះ។
លោកស្រី ដុង ស្រីមុំ បញ្ជាក់និងអះអាងថា ឯកឧត្តម អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ និងលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង បានឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងអង្គភាពតុលាការខេត្តឧត្តរមានជ័យ។

-ចំពោះលោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ ជាមេធាវីការពារក្តីឱ្យនាងខ្ញុំ គាត់គ្រាន់តែជាអ្នកឈរឈ្មោះ ការពារក្តីឱ្យនាងខ្ញុំតែប៉ុណ្ណោះ ។
តែការដោះស្រាយសំណុំរឿងក្តីនេះ ជំនួសដោយលោកមេធាវី វណ្ណា កាណាន់ ទៅវិញ ធ្វើឱ្យរឿងក្តីនេះមានការជ្រួលច្របល់ពេញអង្គភាព ដោះស្រាយមិនចេញ…!។

បន្ថែមពីនេះ នៅពេលនាងខ្ញុំដាក់ពាក្យបណ្តឹងតបទៅលើកូនតុងទីនវិញ គឺអយ្យការពុំបានចាត់ការ លើនីតិវិធីសំណុំរឿព្រហ្មទណ្ឌលេខ ១១៩ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ឡើយ ។
ហើយនៅពេលនោះនាងខ្ញុំ ក៏បានពឹងពាក់លោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ ម្តងទៀត អស់ទឹកប្រាក់ចំនួន ៥០០ (ប្រាំរយដុល្លារ)សម្រាប់ដំណើរការនីតិវិធីរឿងក្តី។

តែមកទល់ពេលនេះ មិនទាន់ចំណាត់ការអ្វីឡើយ ទាំងដែលកូនតុងទីន បានទទួលស្គាល់ហើយថាពួកគេពុំបានបង់ប្រាក់តុងទីន មកឱ្យខ្ញុំវិញ នៅពេលដែលពួកគេបានចូលឆ្លើយបំភ្លឺ នៅអយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យ…!។

-លោក ស៊ុន ហ៊ាយ ត្រូវជាប្ដីរបស់លោកស្រី ដុង ស្រីមុំ បានបញ្ជាក់ប្រាប់«ដើមរាំង»នៅព្រឹកទី២៤.០៨.២០២៤ថា ការបង់លុយដូចចំនួនខាងលើ គឺជាការពិត!។
ខណៈមន្ត្រីតុលាការ មិនយកដោយផ្ទាល់ខ្លួនឯងទេ គឺយកតាមរយៈលោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ….!។

-រាល់ការអះអាងខាងលើ«ដើមរាំង»បានព្យាយាមសុំការបំភ្លឺ ពីលោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ តាមប្រព័ន្ធTelegram ប៉ុន្តែលោកមិនចូលមើល លុះខលទៅចុចបិទ ពេលខលម្ដងទៀត មិនទទួល.!។-ទន្ទឹមនិងនោះ នៅល្ងាចទី២៣.០៨.២០២៤«ដើមរាំង»បានសុំការបំភ្លឺពីលោក តេង សាម៉ៃ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ.ដោយលោកទទួលទូរស័ព្ទហើយ ថាមិនច្បាស់ៗរួចក៏ចុចបិទ.!។

រីឯលោក ហែល ឆេងហុង អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យ បានថ្លែងថា ខ្ញុំមិនមានអ្វីបកស្រាយទេ ព្រោះការបកស្រាយមាននៅលើសេចក្ដីថ្លែងការណ៍ អស់ហើយ។

-ជុំវិញរឿងរ៉ាវខាងលើ«ដើមរាំង»ផ្សព្វផ្សាយទៅតាមប្រភព.និងព្យាយាមធ្វើបទសម្ភាសន៍ភាគីពាក់ព័ន្ធ.ហើយក៏បានផ្សព្វផ្សាយលិខិតបំភ្លឺ ដើម្បីឱ្យមានចំលើយទាំងសងខាង ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន…!។
ក្នុងនោះ«ដើមរាំង»មិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យអ្វីឡើយ ខណៈស្ដ្រីត្រូវចោទនិងស្វាម៉ី កំពុងដង្ហើយរកយុត្តិធម៌៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version