ក្រុមមន្ត្រីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យ(ទី២៥ ខែសីហា)ថា យ៉ាងហោចណាស់ មនុស្ស៨នាក់បានស្លាប់ និងជាង៤០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាស របស់រុស្ស៊ី ពេញមួយយប់ មកលើតំបន់ព្រំដែន នៃប្រទេសអ៊ុយក្រែន..!។
លោក Mykola Oleshchuk មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន អះអាងតាម Telegram ថា រុស្ស៊ី បានធ្វើការវាយប្រហារដោយកាំជ្រួចពេញ១យប់ នៅតាមតំបន់ព្រំដែននៃ Chernihiv, Sumy, Kharkiv និង Donetsk ។
លោកបានអះអាងថា កាំជ្រួចទាំងនោះ ត្រូវបានបាញ់ចេញពីតំបន់ Voronezh និង Rostov របស់រុស្ស៊ី ។
ដោយលោកបានបន្ថែមថា កាំជ្រួចភាគច្រើន មិនអាចទៅដល់គោលដៅ ដែលបានគ្រោងទុក…!។
លោកនិយាយថា យន្តហោះគ្មានមនុស្សបើករុស្ស៊ី ៨គ្រឿងក្នុងចំណោម ៩គ្រឿងក៏ត្រូវបានស្ទាក់ចាប់នៅតំបន់ Mykolaiv ភាគខាងត្បូងផងដែរ។
នៅលើ Telegram អភិបាលក្រុង Mykolaiv លោក Vitaliy Kim បានរាយការណ៍ថា អគារលំនៅដ្ឋាន និងពាណិជ្ជកម្មចំនួន១៥ ត្រូវបានខូចខាត ។
ដោយសារកំទេចកំទីពីយន្តហោះគ្មានមនុស្សបើក ដែលត្រូវបានបាញ់ទម្លាក់។
នៅតំបន់ Donetsk អភិបាល Vadym Filashkin ដំបូងឡើយបានប្រកាសថា មនុស្ស៧នាក់បានស្លាប់ និង១៥នាក់រងរបួសនៅក្នុងស្រុកចំនួន ៣ផ្សេងគ្នា រួមទាំង Kramatorsk ដែលមនុស្សពីរនាក់បានរងរបួស។
ក្រោយមក Filashkin បានប្រកាសថា ចំនួនអ្នករងរបួសនៅ Kramatorsk បានកើនឡើងដល់៤ នាក់ ។
ដោយបង្ហាញថា ពួកគេទាំងអស់ជាអ្នកកាសែតដែលធ្វើការឱ្យទីភ្នាក់ងារព័ត៌មាន Reuters ដែលបានរងរបួសបន្ទាប់ពីកាំជ្រួចបានវាយប្រហារសណ្ឋាគារមួយនៅក្នុងមជ្ឈមណ្ឌលរដ្ឋបាលរបស់ស្រុក។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន Heorhii Tykhyi បានអំពាវនាវឱ្យសហគមន៍ពិភពលោកថ្កោលទោសការវាយប្រហារបែបនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X.ការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានប្រកាសថា ខ្លួនបើកការស៊ើបអង្កេត លើការវាយប្រហារនេះ។
រដ្ឋបាលយោធាក្នុងតំបន់ Sumy បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅលើ Telegram ដោយនិយាយថា មនុស្សម្នាក់ត្រូវបានសម្លាប់ និង១៦ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយកាំជ្រួចនៅក្នុងតំបន់៕