ប៉ូឡូញថា ដ្រូនរុស្ស៊ី បានហោះចូលដែនអាកាសរបស់ខ្លួន កំឡុងពេលវាយប្រហារលើអ៊ុយក្រែន!

ប៉ូឡូញបាននិយាយ នៅថ្ងៃចន្ទ(ទី២៦ខែសីហា)ថា យន្តហោះគ្មានមនុស្សបើក(ដ្រូន)១គ្រឿង ទំនងជារបស់រុស្ស៊ី បានចូលក្នុងដែនអាកាសរបស់ខ្លួន ។
កំលុងពេលមានការវាយប្រហារដោយគ្រាប់បែករបស់រុស្ស៊ី លើអ៊ុយក្រែន ។
ប៉ូឡូញបន្ថែមថា យន្តហោះនេះអាចនឹងបានចុះចត នៅលើទឹកដីប៉ូឡូញ ហើយការស្វែងរកកំពុងតែបន្ត…!។

ប្រទេសសមាជិក NATO មួយនេះ បានដាក់ការប្រុងប្រយ័ត្នខ្ពស់ ចំពោះវត្ថុដែលចូលក្នុងដែនអាកាសរបស់ខ្លួន ។
ចាប់តាំងពីមានករណីមីស៊ីល របស់អ៊ុយក្រែន មួយគ្រាប់បានធ្លាក់ចំភូមិ Przewodow នៅភាគខាងត្បូងប្រទេសប៉ូឡូញ ដែលបានសម្លាប់មនុស្សពីរនាក់ក្នុងឆ្នាំ២០២២។

ក្រុមមន្ត្រីបាននិយាយថា ប្រទេសរុស្ស៊ី បានបាញ់បង្ហោះមីស៊ីលជាង ១០០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកវាយប្រហារប្រមាណ ១០០គ្រឿង លើទឹកដីអ៊ុយក្រែន ក្នុងអំឡុងពេលម៉ោងរវល់នៅព្រឹកថ្ងៃចន្ទ ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៥នាក់ និងបំផ្លាញរោងចក្រថាមពលជាច្រើនទូទាំងប្រទេស។

អ្នកនាំពាក្យបញ្ជាការប្រតិបត្តិការរបស់កងទ័ពប៉ូឡូញ បានប្រាប់ Reuters ថា យើងសន្មត់ថាវាជាយន្តហោះគ្មានមនុស្សបើកមួយ ពីព្រោះគន្លងហោះហើរ និងល្បឿនបង្ហាញថាវាមិនមែនជាមីស៊ីលទេ។

លោកបានបន្ថែមថា វត្ថុនេះកំពុងត្រូវបានស្វែងរកដោយទាហាន ១០០នាក់នៅលើគោក និងឧទ្ធម្ភាគចក្រមួយគ្រឿង។

ប៉ូឡូញបាននិយាយថា វាមិនទាន់អាចសន្មត់ក្នុងការនិយាយថា តើវត្ថុនោះជារបស់រុស្ស៊ី ឬអ៊ុយក្រែនទេ ព្រោះស្ថានភាពអាកាសធាតុមិនអនុញ្ញាតឱ្យមានការកំណត់អត្តសញ្ញាណដោយមើលឃើញ។

បន្ថែមពីនេះ ប៉ូឡូញបានបញ្ជាក់ថា វត្ថុដែលសង្ស័យថាជាដ្រូននោះ បានចូលដែនអាកាសរបស់ខ្លួននៅម៉ោង ០៤:៤៣នាទី (ម៉ោងសកល) នៅជិតទីក្រុង Chervonohrad របស់អ៊ុយក្រែន។
ប៉ុន្តែប្រព័ន្ធរ៉ាដាបានបាត់បង់សញ្ញាវត្ថុនេះ នៅម៉ោង ០៥:០០នាទី (ម៉ោងសកល) ដោយបន្ថែមថា វាអាចទៅរួចដែលវាបានចាកចេញពីដែនអាកាសរបស់ប៉ូឡូញ ហើយមិនមានរបាយការណ៍អំពីការផ្ទុះណាមួយឡើយ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៣ និងខែមេសា ឆ្នាំ២០២៣ ក៏មានករណីស្រដៀងគ្នានេះកើតឡើងផងដែរ ដោយមានវត្ថុយោធា ត្រូវបានគេរកឃើញនៅក្នុងព្រៃមួយក្នុងប្រទេសប៉ូឡូញ ដែលក្រោយមក វាត្រូវបានគេរាយការណ៍ថា ជាមីស៊ីលរបស់រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version