ផ្ទុះអាវុធនៅខណ្ឌដង្កោ ស្លាប់ប៉ូលិសម្នាក់ របួសម្នាក់ និងម្នាក់ទៀត ត្រូវខ្មាន់កាំភ្លើងចាប់ញាត់ចូលឡាន!

(ភ្នំពេញ)៖ ករណីបាញ់ប្រហារនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងនោះបណ្ដាល ឱ្យមន្ត្រីប៉ូលិសម្នាក់ស្លាប់ ខណៈចិនម្នាក់ទៀតរបួស និងម្នាក់ផ្សេងទៀត (ជនជាតិចិន) ត្រូវបានក្រុមខ្មាន់កាំភ្លើង ចាប់ដាក់ចូលឡាន គេចខ្លួនបាត់..!។

សេចក្ដីរាយការណ៍ថា នៅមុនកើតហេតុ គេឃើញរថយន្ដ១គ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BV-5779 (រថយន្ដខ្មាន់កាំភ្លើង)។

បើកមកស្ទាក់ និងបុកចំពីមុខរថយន្ដរបស់ជនរងគ្រោះ ម៉ាក MERCEDES BENZ S560L ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BF-8168 និងមានរថយន្ដទៀត ម៉ាក Land Cruiser ឈប់ពីក្រោយរថយន្ដ ជនរងគ្រោះ។
បន្ទាប់ពីបើកបំបុក និងស្ទាករថយន្ដជនរងគ្រោះហើយនោះ ខ្មាន់កាំភ្លើង៣នាក់ បានចុះពីរថយន្ដ Ford ហើយបើកការបាញ់រះជាច្រើនគ្រាប់មកលើរថយន្ដរបស់ជនរងគ្រោះ ដោយប្រើប្រាស់កាំភ្លើងវែង (សង្ស័យ AK)។

ភ្លាមនោះ បក្ខពួកខ្មាន់កាំភ្លើង២នាក់ ចុះទៅចាប់ជនជាតិចិនម្នាក់ ដែលជិៈនៅផ្នែកខាងក្រោយរថយន្ដ MERCEDES BENZ ដាក់ចូលក្នុងរថយន្ដ Land Cruiser រួចបើកគេចខ្លួនបាត់តែម្ដង។

បើតាមសេចក្ដីរាយការណ៍ នៅក្នុងរថយន្ដរបស់ជនរងគ្រោះ មានមនុស្សជិៈចំនួន៣នាក់ ក្នុងនោះអ្នកបើកបរជាជនជាតិខ្មែរ ។
បានរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យលោកសង្ឃ ខណៈអ្នករួមដំណើរជិះផ្នែកខាងមុខ ជាជនជាតិចិនរងរបួសធ្ងន់កំពុងសង្គ្រោះ និងម្នាក់ទៀតជនជាតិចិនជិះផ្នែកខាងក្រោយ ត្រូវបានក្រុមខ្មាន់កាំភ្លើងចាប់យកទៅបាត់។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ត្រូវបានគេស្គាល់ឈ្មោះ គង់ វុទ្ធី អាយុ៣៦ឆ្នាំ ជាមន្ដ្រីនគរបាលបម្រើការងារនៅអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឋានន្ដរស័ក្ដិ ថ្នាក់វរសេនីយ៍ទោ (ស័ក្ដិ៤កន្លះ) និងមានតួនាទីជានាយរងការិយាល័យប្រតិបត្តិការសង្គ្រោះ។

ខណៈជនរងគ្រោះជនជាតិចិន២នាក់ទៀត មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។ ចំពោះក្រុមខ្មាន់កាំភ្លើង ក៏មិនទាន់ដឹងថា មានចំនួនប៉ុន្មាននាក់នោះដែរ។

ហេតុការណ៍បាញ់ប្រហារនេះ សមត្ថកិច្ចជំនាញ មិនទាន់សន្និដ្ឋានថា ជារឿងអ្វីឲ្យពិតប្រាកដនៅឡើយទេ ប៉ុន្ដែត្រូវគេដាក់ការសង្ស័យថា ជាអំពើចាប់ជំរិត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version