រថយន្តព្រូស បើកក្រឡាប់ធ្លាក់ចូល​ប្រឡាយទឹក ស្លាប់៤នាក់ របួសធ្ងន់​ម្នាក់ នៅស្រុក​ត្រាំកក់!

(តាកែវ​)៖ មនុស្ស​៤​នាក់​បាន​ស្លាប់​ភ្លាមៗនៅ​និង​កន្លែង​ ​និងម្នាក់ទៀតបានរង​របួសធ្ងន់ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើក​រថយន្ត​បោះពួយ​យ៉ាង​លឿន ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ បុក​មាត់​លូ​​ក្រឡាប់​ធ្លាក់ចូលក្នុង ទឹកប្រឡាយ​​។

ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧និង​៥០​នាទីយប់ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ ២០២៤ ​នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​១៣២ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣-៤ ស្ថិត​ក្នុងភូមិ​មហា​សេនា ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

លោក​វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់ បានអោយ​ដឹង​ថា ពិតជា​មានករណី​​រថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA PRIUS ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2BF-0867 បង្ក​ឡើង​ដោយ​ខ្លួនឯង ។
បើកបរ​ដោយ​ឈ្មោះ នុ​ត នាក់​ចាន់​ណា​ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ប្រ​វង់ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ មុខរបរ​កសិករ ស្លាប់​នៅ​កន្លែង​កើត​ហេតុ​) ​ ។

​ចំណែកអ្នក​រួម​ដំណើរ ជាមួយ​ចំនួន​៤ រួមមាន
ទី​១-​ឈ្មោះ ស៊ន សៀង​លី ភេទ​ស្រី អាយុ​០៨​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ប្រ​វង់ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ (​ស្លាប់​នៅ​កន្លែង​កេ​ី​ត​ហេតុ​)។
ទី​២-ឈ្មោះ គង់ ថៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ប្រ​វង់ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ (​ស្លាប់​នៅ​កន្លែង​កេ​ី​ត​ហេតុ​) ។
ទី​៣-​ឈ្មោះ ប្រាក់ វី​រះ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ​ រស់នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ (​ស្លាប់​នៅ​មន្ទីរពេទ្យ​) ។
និងទី​៤-​ឈ្មោះ ស៊ន លី​មីង ភេទ​ប្រុស អាយុ​០៤​ឆ្នាំ (​រង​របួសធ្ងន់​) រស់នៅ​ភូមិ​ប្រ​វង់ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

លោក​អធិការ​បន្ត​ទៀត​ថា រថយន្ត​រង​គ្រោះ​បាន​បើកបរ​មក​ពី​ទិស​ខាង​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ខាងលើ បាន​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​ជាមួយ​ក្បាល​លូ​ក្រឡាប់​ធ្លាក់​ចូល​ទឹក​ប្រឡាយ​ពី​ខាង​ជើង​ផ្លូវ​។ មូលហេតុ​បណ្តាល មក​ពី​ការ​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន។

ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំង៤នាក់ ត្រូវ​​បាន​សមត្ថកិច្ច​​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពែ​ណី រីឯ​ជន​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ដូន​កែវ​។​

រីឯ​​រថយន្ត ត្រូវបានសមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​។

តាមប្រភពពីសាក្សី​ដែល​ចុះ​ទៅ​មើល​ដល់​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​និយាយ​ថា អ្នកបើកប​រ​ប្រាកដជា​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ហើយ​ ទើប​បើកប​រថយន្ត​បង្កហេតុ​ដោយ​ខ្លួនឯង​បែប​នេះ​ ។
ហើយ​បើសិន​អ្នកបើកបរ​មិន​មាន​ជាតិ​ស្រវឹង​ទេ​នោះ គឺ​មិន​អាច​បើករថយន្ត​បោះពួយ​លឿន រហូត​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​មាត់​លូ​ហើយ​ក្រឡាប់​ចូល​ប្រឡាយ​ទឹក បណ្តាល​ឱ្យ​មានអ្នក​ស្លាប់ និងរបួសបែប​នេះ​បាន​ឡើយ​ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version