(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខជូន លោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ចំពោះមរណភាពរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមី របស់លោកជំទាវឧកញ៉ាធម្មាមង្គលមុនី។
សម្តេចចៅហ្វាវាំង គង់ សំអុល បានទទួលមរណភាព នៅវេលាម៉ោង ៨៖៣៥នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ…!។
សពសម្តេចចៅហ្វាវាំង ត្រូវបានតម្កល់ដើម្បី ប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ(២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕