ក្រសួងមហាផ្ទៃ ថ្កោលទោសគណនីបណ្តាញសង្គមចំនួន២ ដោយថា តែងតែធ្វើសកម្មភាពញុះញង់ឱ្យកងកម្លាំងប្រឆាំងនឹងរាជរដ្ឋាភិបាល!

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទំព័រហ្វេសប៊ុក និរទ្ទេសខ្លួននៅក្រៅប្រទេសចំនួនពីរ ដែលតែងធ្វើសកម្មភាពញុះញង់អុចអាលឱ្យ កងកម្លាំងនគរបាលជាតិ ប្រឆាំងនឹងរាជរដ្ឋាភិបាល។

គណនីបណ្តាញសង្គមចំនួន២នោះ ទី១ឈ្មោះ Samdach Seng Ratana ដែលម្តងហើយម្តងទៀត ធ្វើសកម្មភាពញុះញង់អុញអាលឱ្យកងកម្លាំងនគរបាលជាតិចំណុះក្រសួងមហាផ្ទៃ សហការនឹងកងកម្លាំងផ្សេងទៀត ប្រឆាំងនឹងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ។

និងគណនី Tik Tok ឈ្មោះ Serey Sophea37 ដែលបានក្លែងព័ត៌មានដោយបំភ្លៃថា សម្តេចក្រឡាហោម ស ខេង នឹងក្លាយជា នាយករដ្ឋមន្ត្រីនាពេលខាងមុខ ដែលផ្ទុយពីការបញ្ជាក់ជារឿយៗរបស់ សម្តេច ថា លោកគ្មានមហិច្ឆតា បន្តិចបន្តួចទាល់តែសោះចង់ធ្វើជានាយករដ្ឋមន្ត្រីនោះ។

ក្រសួងមហាផ្ទៃ បញ្ជាក់ថា តាមផ្លូវច្បាប់ បន្ទាប់ពីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសំណាក់រដ្ឋសភា ជាតិលើរាជរដ្ឋាភិបាលទាំងមូល, ក្រសួងមហាផ្ទៃ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល មានតួនាទីភារកិច្ច គ្រប់គ្រងរដ្ឋបាលដែនដី កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្រោមការបញ្ជាដឹកនាំរបស់ សម្តេចនាយករដ្ឋមន្ត្រី ដើម្បីបម្រើសេវាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថេរភាព សុវត្ថិភាពសង្គម និងសុខសន្តិភាពជូនប្រជាពលរដ្ឋ ពុំមែនដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ។

ដូច្នេះ សាររបស់សកម្មជនប្រឆាំងជ្រុលនិយមខាងលើ គឺជាឧបាយកលទុច្ចរិតញុះញង់អុចអាលបំបែកបំបាក់សាមគ្គី ភាពផ្ទៃក្នុង ដូចដែលបុគ្គលដែលហៅខ្លួនឯងថា Samdach Seng Ratana បានអះអាងថា គេនៅ មានក្លេរជាច្រើនទៀតប្រឌិតឡើង ដើម្បីធ្វើឱ្យជំរុំទេវតាឆេះ ដែលគេចង់សំដៅដល់រាជរដ្ឋាភិបាលស្របច្បាប់ បច្ចុប្បន្ននិងអនាគត។

សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គំនិតដ៏ស្មោគគ្រោកទាំងនេះ គឺជាឧក្រិដ្ឋកម្មនយោបាយ និងជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរដែល អាចបង្កអន្តរាយដល់ប្រជាជននិងជាតិ តាមរូបភាពចិញ្ចឹមចិត្តញុះញង់ឱ្យកងកម្លាំងសាធារណៈ ងើបបះបោរ ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។ ផ្ទុយទៅវិញ កងកម្លាំងសាធារណៈ ជាពិសេសកងកម្លាំងនគរបាលជាតិ ទាំងអស់ ពុំដែលមានការភ័ន្តច្រឡំលង់តាមមនោគមន៍វិជ្ជាអគតិនោះទេ គឺមានតែសាមគ្គីយ៉ាងរឹងមាំ គាំទ្រ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមអគ្គមគ្គទេសក៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយឥតងាករេ។

ជាពិសេស ក្នុងតម្លៃណាក៏ដោយ កងកម្លាំងនគរបាលជាតិ និងមន្ត្រីចំណុះក្រសួងមហាផ្ទៃ ប្តេជ្ញាការពារ ឱ្យខាងតែបាននូវស្ថេរភាព៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version