Update៖ ករណីចាប់បង្ខំផ្សឹកព្រះសង្ឃទាំងយប់នៅស្រុកស្វាយអន្ទរ អាជ្ញាធររុញដាក់មន្ត្រីសង្ឃ ខណៈមន្ត្រីសង្ឃបំភ្លឺថា មកពីមិនព្រមផ្ដិតមេដៃទទួលស្គាល់កំហុស និងមិនរក្សាភាពស្ងៀមស្ងាត់!

(ព្រៃវែង)៖ ក្រោយល្បីពេញបណ្ដាញសង្គមពាក់ព័ន្ធ អាជ្ញាធរនិងមន្ត្រីជំនាញស្រុកស្វាយអន្ទរ ចាប់បង្ខំផ្សឹកព្រះសង្ឃ ទាំងយប់នោះមក…!។
-ឥឡូវ ទាំងមន្ត្រីជំនាញធម្មការស្រុក រួមនិងលោកអភិបាលស្រុកស្វាយអន្ទរ បានថ្លែងស្រដៀងគ្នាថា ពួកខ្លួនមិនពាក់ព័ន្ធ ចំពោះការផ្សឹកព្រះសង្ឃទាំងយប់នោះឡើយ! ហើយក៏គ្មានសិទ្ធ ក្នុងការផ្សឹកអ្វីដែរ។
ដោយពួកលោកនិយាយថា ខាងសាលាអនុគណស្រុក.ជាអ្នកផ្សឹក..!។

-រីឯព្រះសង្ឃ អនុគណស្រុកស្វាយអន្ទរ ឯនេះវិញ បានមានសង្ឃដីកាថា មកពីអន្ទិត ជាន លីហ័រ មិនព្រមផ្ដិតមេដៃទទួលស្គាល់កំហុស និងមិនរក្សាភាពស្ងៀមស្ងាត់…!។

-បើតាមអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីសង្ឃ សបញ្ជាក់ឱ្យឃើញថា ការចាប់ផ្សឹកអន្ទិត ជាន លីហ័រ ទាំងយប់ គឺមិនមានភស្តុតាងជាក់ស្ដែង ពាក់ព័ន្ធនិងការលួចមានស្រីអ្វីឡើយ!។
ស្របពេលដែល អាចារ្យ គណៈកម្មការ ដែលចោទអតីតព្រះសង្ឃ ថាមានស្រី កំពុងរងបណ្ដឹងនៅតុលាការ…!។

-ជុំវិញរឿងនេះអន្ទិត ជាន លីហ័រ អតីតចៅអធិការវត្តស្ដីទី នៃវត្ត(ស្វាយអង្គ)ហៅវត្តព្រៃចារ ស្ថិតនៅភូមិព្រៃចារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ត្រូវបានមន្ត្រីសង្ឃ រួមនិងអាជ្ញាធរស្រុកស្វាយអន្ទរ បង្ខំផ្សឹក ក្នុង(វត្តស្វាយបុទុម) ស្ថិតនៅភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីយប់ទី២៨.០៨.២០២៤ ក្រោយអន្ទិតរូបនេះ និមន្តចេញពី(វត្តព្រៃចារ) បាន០២ថ្ងៃប៉ុណ្ណោះ…!។

-អន្ទិត ជាន លីហ័រ បានអះអាងប្រាប់«ដើមរាំង»ថា ករណីដែលលោកតាអាចារ្យ គណៈកម្មការមួយចំនួននៅ(វត្តព្រៃចារ)ចោទរូបលោកថា លួចមានស្រី កាលខ្លួននៅជាសង្ឃ”គឺជារឿងធ្វើស៊ីស្រស់ៗតែម្ដង” ដូចពាក្យចាស់ពោលថា«ចង់ស៊ីសាច់ឆ្កែ ចោទថា ឆ្កែឆ្កួត»។

បើតាមអន្ទិត ជាន លីហ័រ កាលខ្លួនជាចៅអធិការ(វត្តព្រៃចារ)ស្ដីទី គឺអាចារ្យគណៈកម្មការមួយចំនួន មិនពេញចិត្តនិងខ្លួន ពាក់ព័ន្ធ ការដឹកនាំ និងផលប្រយោជន៍ ក្នុងការកសាងសមិទ្ធផលផ្សេងៗក្នុងវត្ត…!។
ជាហេតុនាំឱ្យ មានការរៀបចំគម្រោងទម្លាក់កំហុស ដើម្បីបណ្ដេញខ្លួនចេញពីវត្ត..!។

អន្ទិត ជាន លីហ័រ បន្តទៀតថា ដំបូងឡើយគេចោទថា ខ្លួនប្រើប្រាស់ថ្នាំញៀន ប៉ុន្តែការចោទប្រកាន់នេះ(បានបរាជ័យ)។
រួចគេបន្តចោទថា លួចមានស្រីដោយស្រីចូលកុដិ ទាំងព្រឹករយៈពេល ៣ម៉ោង១៥នាទី.!។

ពោលគឺ ការចោទប្រកាន់ ដោយគ្មានមូលដ្ឋានបែបនេះ ត្រូវអាចារ្យគណៈកម្មការ ខ្សឹបខ្សាវនិយាយបន្តគ្នាពីមួយទៅមួយ ដែលនាំឱ្យពុទ្ធបរិស័ទ មានការភ័ន្តច្រឡំនិងមិនពេញចិត្តមកលើខ្លួន ក្នុងគ្រាដែលអន្ទិត ជាន លីហ័រ ជាព្រះសង្ឃ…។-អន្ទិត ជាន លីហ័រ បញ្ជាក់ថា ក្រោយគេប្រឌិត និងបំផុសបំផុលឱ្យល្បីរឿងអាស្រូវបែបនេះ។
ស្រាប់តែមានអ្នកដើរផ្ដិតមេដៃ ដើម្បីបណ្ដេញខ្លួន ចេញពី(វត្តព្រៃចារ) និងផ្ទុះការតវ៉ាទាមទារឱ្យខ្លួន និមន្តចេញពីវត្តទៀតផង….!។

ក្រោយកើតវិវាទ មួយលើកជាពីរលើក អន្ទិត ជាន លីហ័រ ក៏ត្រូវបាននិមន្ត ឱ្យមកគង់នៅបណ្ដោះអាសន្នក្នុង(វត្តស្វាយបុទុម)ស្ថិតនៅភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ។

លុះគង់នៅ(វត្តស្វាយបុទុម)បាន២ថ្ងៃ ស្រាប់តែមានលិខិតសរសេររួចជាស្រេច…!។ដោយបង្គាប់ឱ្យអន្ទិត ជាន លីហ័រ ទទួលស្គាល់កំហុសពាក់ព័ន្ធជម្លោះក្នុងវត្ត និងមិនឱ្យនិមន្តទៅ(វត្តព្រៃចារ)វិញឡើយ ដោយថែមទាំងតម្រូវឱ្យអន្ទិត ជាន លីហ័រ និមន្តទៅរៀនកន្លែងផ្សេងទៀតផង..!។

ប៉ុន្តែលិខិតនោះ ត្រូវអន្ទិត ជាន លីហ័រ បដិសេធមិនទទួលយកនិងមិនព្រមផ្ដិតមេដៃ ធ្វើឱ្យមានការបង្ខំផ្សឹកអន្ទិត ជាន លីហ័រ ទាំងយប់តែម្ដង…!។-ឆ្លើយតបនិងការលើកឡើងខាងលើនៅថ្ងៃទី០៦.០៩.២០២៤«ដើមរាំង»បានសុំការបំភ្លឺពីលោក លី សិទ្ធី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង ដោយលោកថ្លែងយ៉ាងខ្លីថា ខ្ញុំរវល់ប្រជុំសិក្ខាសាលា រួចក៏ចុចបិទទូរស័ព្ទ..!។-រីឯលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានថ្លែងថា ខ្ញុំគ្មានសិទ្ធផ្សឹកព្រះសង្ឃនោះឡើយ ដោយការផ្សឹកនោះ គឺខាងមន្ត្រីសង្ឃ..!។ចំណែកលោក សុខ សាញ់ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកស្វាយអន្ទរ បានថ្លែងប្រាប់«ដើមរាំង»ថា ខ្ញុំពុំមានសិទ្ធផ្សឹកអន្ទិត ជាន លីហ័រ នោះទេ.!។
លោកបន្តថា រឿងនេះចាំមើលចំណាត់ការរបស់តុលាការសិន..!។
ខណៈការផ្សឹក គឺខាងសាលាអនុគណស្រុកស្វាយអន្ទរឯនោះវិញទេ!។
លោក សុខ សាញ់ បញ្ជាក់ថា ពេលផ្សឹកនោះ គឺពុំមានវត្តមានរូបលោកទៅចូលរួមនោះឡើយ។

-ចំពោះសំនួរថា តើអន្ទិត ជាន លីហ័រ មានស្រីឬអត់ ហើយមានភស្តុតាងជាក់ស្ដែងឬទេ.ទើបត្រូវផ្សឹកទាំងបង្ខំ..?។

-ត្រង់ចំណុចនេះលោក សុខ សាញ់ បានឆ្លើយថា ខ្ញុំមិនច្បាស់ទេ ប៉ុន្តែមានបណ្ដឹងពីតាតា..! ។

-ដោយឡែកព្រះគ្រូ ឈាង ផល្លី អនុគណស្រុកស្វាយអន្ទរ និងជាចៅអធិការវត្តពោធិ៍ដ្ឋាន(ហៅវត្តថ្លាវ) បានមានសង្ឃដីកាប្រាប់«ដើមរាំង»ថា ការផ្សឹកអន្ទិត ជាន លីហ័រ មកពីមិនរក្សាភាពស្ងៀមស្ងាត់ មិនស្ដាប់ការណែនាំ និងបានជំទាស់ ចំពោះលិខិត ដែលតម្រូវឱ្យអន្ទិត ជាន លីហ័រ ផ្ដិតមេដៃ…!។

-ទាក់ទិនវិវាទមួយនេះ ភាគីអាចារ្យគណៈកម្មការ បានអះអាងនិងស្បថថា អន្ទិត ជាន លីហ័រ(មានស្រី)។

-រីឯភាគីអន្ទិត ជាន លីហ័រ និងនារីដែលរងការចោទប្រកាន់វិញ! បានបដិសេធយ៉ាងដាច់អហង្ការ.ដោយថា(ជាការទម្លាក់កំហុស)និងបានធ្វើបណ្ដឹង ២ដាច់ដោយឡែកពីគ្នា ដោយប្ដឹងអាចារ្យគណៈកម្មការ ចូលតុលាការទៀតផង។

-យ៉ាងណាក៏ដោយ ក្រុមគ្រួសារអន្ទិត ជាន លីហ័រ ក៏ដូចជាអ្នកគាំទ្រ សូមស្នើយ៉ាងទទូចដល់ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ឯកឧត្ដម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាបើកការស្រាវជ្រាវ ចាត់វិធានការលើ អ្នកបង្គាប់បញ្ជាឱ្យផ្សឹកអន្ទិត ជាន លីហ័រ ទាំងយប់…!។

ដើម្បីលាងភាពស្អាតស្អំជូនក្រុមគ្រួសារអន្ទិត ជាន លីហ័រ វិញ! ក៏ដូចជានារី ដែលរងការចោទប្រកាន់ ដោយក្ដីអនុគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version