Update៖ ពលរដ្ឋបារាំង រាប់សែននាក់ នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការតែងតាំងនាយករដ្ឋមន្រ្តី!

កាលពីថ្ងៃសៅរ៍(ទី៧ ខែកញ្ញា) ប្រជាជនបារាំង ដែលប្រកាន់និន្នាការនយោបាយ ឆ្វេងនិយម ប្រមាណជាង១០ម៉ឺននាក់ ។
បាននាំគ្នាធ្វើបាតុកម្មនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងការតែងតាំងលោក Michel Barnier ជានាយករដ្ឋមន្រ្តីថ្មី ។

ហើយពួកគេបានថ្កោលទោសប្រធានាធិបតី លោក Emmanuel Macron ថា ឆក់ឱកាសយកអំណាច។
-នេះបើតាម​ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។

ក្រសួងមហាផ្ទៃបារាំង បាននិយាយថា មនុស្សសរុប១១០,០០០នាក់ បាននាំគ្នាធ្វើបាតុកម្ម នៅតាមដងផ្លូវពាសពេញប្រទេស ក្នុងនោះមាន​ទាំង២៦,០០០នាក់ នៅរដ្ឋធានីប៉ារីស។

ទីក្រុងបារាំងជាច្រើនទៀត រួមមានដូចជា Nantes នៅឯភាគខាងលិច, Nice និង Marseille នៅភាគខាងត្បូង ព្រមទាំង Strasbourg នៅភាគខាងកើត ក៏បានមើលឃើញមានសកម្មភាពតវ៉ា ផងដែរ។
ក្រុមបាតុករជាច្រើន បានបញ្ចេញកំហឹង​ដាក់លោក Macron ហើយមួយចំនួន បានទាមទារឱ្យរូបលោក ចុះចេញពីតំណែងថែមទៀតផង។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Macron បានសម្រេចតែងតាំងលោក Barnier វ័យ៧៣ឆ្នាំ ឱ្យធ្វើជានាយករដ្ឋមន្រ្តីថ្មី ដើម្បីព្យាយាម​ទម្លុះភាពជាប់គាំងនយោបាយ ។

ក្រោយការបោះឆ្នោតសភាមុនអាណត្តិ ដែលសម្ព័ន្ធភាពកណ្តាលនិយមរបស់លោក ឈ្នះបានសំឡេងគាំទ្រត្រឹមលំដាប់ថ្នាក់ទី២។
លោក Barnier ជាអតីតរដ្ឋមន្រ្តីការបរទេសបារាំង ដែលបានដើរតួនាទីជាអ្នកចរចា Brexit របស់សហភាពអឺរ៉ុប។

គួរបញ្ជាក់ថា សម្ព័ន្ធភាពឆ្វេងនិយម ដែលបានក្លាយជាក្រុមនយោបាយធំបំផុតរបស់បារាំង ក្រោយការបោះឆ្នោត ដែលបានប្រព្រឹត្តទៅ​កាលពីខែមិថុនា-កក្កដា បានថ្កោលទោសការជ្រើសរើសតែងតាំង លោក Barnier ដោយលោក Macron។

ពួកគេចង់បាន អ្នកស្រី Lucie Castes ដែលជាសេដ្ឋវិទូវ័យ៣៧ឆ្នាំ ធ្វើជានាយករដ្ឋមន្រ្តី ប៉ុន្តែលោក Macron បានបដិសេធ ក្រោមហេតុផលថា អ្នកស្រីនឹងមិនអាចឆ្លងផុត ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នៅក្នុងសភា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version