(ព្រះសីហនុ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃជិត៤០លានដុល្លារ…!។
-ក្នុងឱកាសនោះសម្តេចធិបតី បានមានប្រសាសន៍ថា រយៈពេលកាន់តំណែតជាង១ឆ្នាំ សម្តេចមានកម្មវិធីសម្ពោធសមិទ្ធផលនានា ជាមួយឯកអគ្គរាជទូតជប៉ុនចំនួន៧លើកហើយ។
សម្តេចធិបតី បានថ្លែងថា ក្នុងការងារជាង១០ឆ្នាំមកនេះ សម្តេចអញ្ជើញក្នុងកម្មវិធីផ្សេងៗច្រើនតែជួបភ្លៀង។
សម្តេចធិបតី បានថ្លែងថាកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹក ជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ អភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មទទួលបានពីកំណើនបរិមាណទំនិញ និង កុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។
សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំបំពេញ ការងារអស់ពីកម្លាំងកាយចិត្ត ក្នុងការផ្តល់សេវាកំពង់ផែឱ្យបានរហ័សប្រកបដោយគុណភាព និង ប្រសិទ្ធភាព សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូន និង ឡូជីស្ទិក នៅក្នុងតំបន់។
សម្តេចធិបតី បានថ្លែងថា ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនេះ នឹងផ្តល់ជាជម្រើសបន្ថែម សម្រាប់ជួយបំពេញមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលដៅពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹង ទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង៣ជំហាន នាពេលអនាគត។
សម្តេចធិបតី បានថ្លែងថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាន និង កំពុងជួយបំពេញបន្ថែមមុខងាររបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥ម៉ឺនធីអីយូ/ឆ្នាំ ទៅ ១លានធីអ៊ីយូ/ឆ្នាំ និងអាចឱ្យនាវាកុងតឺន័រ មានជម្រៅទឹក -១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករកើនឡើងពី១៨ភាគរយ ទៅប្រមាណ ៣៨ភាគរយ នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវា ដែលមានផ្លូវរត់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកើនឡើងរហូតដល់ ៤៩,២៥ភាគរយ។
សម្តេចធិបតី បានចាត់ទុកការពង្រីកសមត្ថភាពកំពុងផែស្វយ័តក្រុងព្រះសីហនុ គឺជាការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា។
សម្តេចធិបតី បានថ្លែងថា ការពង្រីកសមត្ថភាពផែ តភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាជួយប្រព័ន្ធភស្តុភាកម្មរបស់កម្ពុជាកាន់តែប្រសើរ។
សម្តេចធិបតី បានថ្លែងថា សម្តេចមិននឿយណាយឡើយសម្រាប់ការអញ្ជើញសម្ពោធសមិទ្ធផលជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
សម្តេចធិបតី បានថ្លែងថា ជប៉ុន នឹងជួយប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មរបស់កម្ពុជា។
សម្តេចធិបតី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងជួយដល់កម្ពុជា បូករួមទាំងការស្វែងរកសន្តិភាព។
សម្តេចធិបតី លើកទឹកចិត្តក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ បន្តខិតខំបំពេញការងារឱ្យកាន់តែល្អប្រសើរ និងខ្លាំងក្លាថែមទៀត ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីរួមចំណែកដល់ការធ្វើទំនើបកម្មកំពង់ផែកម្ពុជា កំពង់ផែតំបន់ប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។
សម្តេចធិបតី ណែនាំគ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ មបន្ត បង្កើនកិច្ចសហការល្អ ឈរលើអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ។
ដោយត្រូវបំពេញ មុខងារ និងភារកិច្ចក្នុងកិច្ចសហការ និង ការសម្របសម្រួល ប្រកបដោយភាពរស់រវើក, សហ- ថាមពល និង បំពេញឱ្យគ្នាទៅវិញទៅមក, ដើម្បីជំរុញចលនការនៃការអភិវឌ្ឍកំពង់ផែកម្ពុជា ជាកំពង់ផែ តំបន់ប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់។
សម្តេចធិបតី ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ និងគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវខិតខំបំពេញភារកិច្ចរៀងៗខ្លួនឱ្យកាន់តែប្រសើរ, ជាពិសេសការថែទាំសមិទ្ធផលថ្មីនេះគឺ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ៕