(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច សម្រាប់ចាប់ផ្តើមអនុវត្តន៍ភ្លាមនៅឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពទី១ គឺការពង្រីកសេវាសុខាភិបាលឆ្ពោះទៅការគ្រប់ដណ្តប់សុខភាពជាសកល ដោយចាប់ផ្តើមពីទី១-ការផ្គត់ផ្គង់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណជាង៤០ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុប១លាន៥សែននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ទី២- ការពង្រីករបបថែទាំសុខភាព បសស ទាំងសម្រាប់កម្មករ និយោជិត និងមន្រ្តីសាធារណៈដែលគ្របដណ្តប់បន្ថែមដោយសមាជិកគ្រួសារនៅក្នុងបន្ទុក ប្រមាណ៣លាននាក់តាមគោលការណ៍ស្ម័គ្រចិត្ត។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា គម្រោងទាំង២ខាងលើ នឹងធ្វើឱ្យប្រជាជនប្រមាណ៧,៤លាននាក់ មានលទ្ធភាពទទួលបានរបបសន្តិសុខសង្គមផ្នែកសេវាថែទាំងសុខភាពផងដែរ៕