កងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃសុក្រ(ទី២០ខែកញ្ញា)បានជំរុញឱ្យបន្ថយភាពតានតឹង នៅព្រំដែនលីបង់-អ៊ីស្រាអែល ដែលជាកន្លែងអ៊ីស្រាអែល និងក្រុមហេសបូឡា ប្រយុទ្ធគ្នាអស់រយៈពេលជិតមួយឆ្នាំ។
កងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូងប្រទេសលីបង់ (UNIFIL) បានទទូចឱ្យ មានការបន្ធូរបន្ថយភាពតានតឹង។
បន្ទាប់ផ្ទុះអរិភាពកាន់តែខ្លាំងនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ជាទីដែលមានការបាញ់ផ្លោងដាក់គ្នា ជិតមួយឆ្នាំមកហើយ។
អ្នកនាំពាក្យ លោក Andrea Tenenti បានប្រាប់ Reuters ថា កងកម្លាំង UNIFIL បានឃើញការប្រឈមមុខដាក់គ្នា កើនឡើងកាន់តែខ្លាំង នៅតាមព្រំដែនលីបង់-អ៊ីស្រាអែល និងតំបន់ដែលខ្លួនកំពុងឈរជើង។
លោកគូសបញ្ជាក់ថា យើងមានក្តីបារម្ភពីការកើនឡើងបែបនេះ ហើយទទូចឱ្យភាគីទាំងអស់ បន្ធូរបន្ថយភាពតានតឹងជាបន្ទាន់។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងខ្លាំងក្លា មកលើភាគខាងត្បូងលីបង់។
បន្ទាប់ពី ការបំផ្ទុះឧបករណ៍ទំនាក់ទំនង pagers និងវិទ្យុទាក់ទងអាយកូម ដែលក្រុម Hezbollah បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៣៧នាក់ និងរបួសប្រហែល៣,០០០នាក់៕