(ភ្នំពេញ)៖ រថយន្តដឹកទំនិញធុនធំបើកក្នុងល្បឿនលឿនលុះមកដល់ផ្លូវបំបែកខ្វះការប្រុងប្រយ័ត្នជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តLexus RX330 ដែលបើកបត់ចូលបុរីមួយកន្លែងប៉ើងផ្ទប់នឹងផ្លាកសញ្ញា រួចបន្តទៅបុករថយន្ត១គ្រឿងទៀតក៏ធ្លាក់ទឹកប្រឡាយរងការខូចខាតធ្ងន់ធ្ងរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្បែរផ្សារព្រែកជ្រៃ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាក Lexus RX330 ពណ៌ស្ករផ្លាកលេខ ភ្នំពេញ 2J-8688 បើកបរតាមបណ្តោយផ្លូវ ២១៧ក្នុងទិលដៅពីត្បូងតោជើងក្នុងល្បឿនមធ្យម ខណះមកដល់ចំណុចខាងលើ ក៏បានបួងចង្កូតបត់ឆ្វេងបម្រុងចូលទៅក្នុងបុរីមួយកន្លែង ស្របពេលនោះក៏មានរថយន្តដឹកទំនិញធុនធំផ្លាកលេខ ព្រះសីហនុ 3A-3850 បើកមកពីក្រោយស្របទិសគ្នាក្នុងលឿនជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកចំពាក់កណ្តាលចំហៀងខាងស្តាំប៉ើងផ្ទប់ទៅនិងបង្គោលភ្លើង។ ហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏បន្តជ្រុលទៅបុកពីក្រោយរថយន្តTACOMA មួយគ្រឿងទៀតដែលកំពុងចតនៅលើចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹងប៉ើងធ្លាក់ចូលទៅក្នុងទឹកប្រឡាយ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ចំណែកភាគីម្ចាស់រថយន្ត Lexus RX330 បានរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗផងដែរ។
ពេលនោះដែរអ្នកបើករថយន្តធុនធំក៏បានរត់គេចពីកន្លែងកើតហេតុបាត់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះវាស់វែងធ្វើកំណត់ហេតុរួចយករថយន្តទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំភាគីសងខាងចូលខ្លួនដោះស្រាយពេលក្រោយ៕