បើករថយន្តបុកថ្មនៅគល់ស្ពានអាកាស៥មករា បណ្ដាលឱ្យក្រឡាប់របួសធ្ងន់២នាក់!

(ភ្នំពេញ)៖ រថយន្តព្រូស១គ្រឿងបើកក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងក្បាលថ្មគល់ស្ពានអាកាស៥មករា បណ្ដាលឲ្យក្រឡាប់រងការខូចខាតយ៉ាងដំណំ និងធ្វើឱ្យនារីម្នាក់និងអ្នកបើកបររងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើង នៅខាងកើតគល់ស្ពានអាកាស៥មករាតាមមហាវិថីសហព័ន្ធរុស្សីស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។

ពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តតូយ៉ូតាព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ផ្លាកលេខភ្នំពេញ 2BU-2703 បើកបរដោយបុរសម្នាក់ជាអ្នករត់តាក់ស៉ី និងរួមដំណើរដោយនារីម្នាក់ជាភ្ញៀវ បានធ្វើដំណើររតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុីក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។
លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើក៏បានរេចង្កូតទៅបុករបាំងថ្មគល់ស្ពានអាកាស៥មករាពេញទំហឹងហើយក្រឡាប់តែម្តង និងបណ្ដាលឲ្យនារីម្នាក់ជាភ្ញៀវនៅក្នុងរថយន្ដនិងអ្នកបើកបររងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះអាយុជីវិត។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version