សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ទំនប់អូរតេធិបតី នៅខេត្តមណ្ឌលគិរី!

(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់(ទំនប់អូរតេធិបតី)នៅខេត្តមណ្ឌលគិរី។

ទំនប់អូរតេ បូករួមនឹងទំនប់លើ និងទំនប់ក្រោម ជាគម្រោងអភិវឌ្ឍន៍ធនធាន ទឹកសម្រាប់​ពហុ​វិស័យ ក្នុងខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីខែ​តុលា ឆ្នាំ២០២១។
ដល់ខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសរុបប្រមាណ ៦២លានដុល្លារ​អាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ទំនប់អូរតេ ដែលមានទីតាំងស្ថិតក្នុងស្រុកអូររាំង មានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ទំនប់បេតុងប្រវែង ៣០៦ម៉ែត្រ កម្ពស់ ២០ម៉ែត្រ
មានតួទំនប់ជាស្ពានធ្វើចរាចរណ៍ឆ្លងកាត់បាន, សំណង់បង្ហូរបេតុងប្រវែង ១០០ម៉ែត្រ កម្ពស់ ១៥ម៉ែត្រ និងទ្វារទឹកសម្អាតអាងចំនួន ២ទ្វារ សំណង់ការពារជើងទេរប្រវែង ៣,១៧៦ម៉ែត្រ,អគារការិយាល័យ និងសហគមន៍កសិករប្រើប្រាស់ទឹកចំនួន ១ខ្នង, ស្ថានីយភ្លើងដំឡើងត្រង់ស្វូរ ១ឈុត និងម៉ាស៊ីនភ្លើង ១ឈុត, ផ្លូវបេតុងក្រវាត់ជុំវិញអាងប្រវែង ៣,១៧៦ម៉ែត្រ និងផ្លូវបេតុង​ចូលទៅកាន់ទំនប់ប្រវែង ៣,០៦១ម៉ែត្រ និងស្ពានបេតុងចំនួន ៣កន្លែង មានប្រវែងសរុប ៣០៤ម៉ែត្រ។

របាយការណ៍បន្តថា ទំនប់លើ ជាទំណប់ ស្ថិតក្នុងក្រុងសែន​មនោរម្យ មានសមត្ថភាពស្តុក​ទឹកបាន​ប្រមាណ ២១ម៉ឺនម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ផ្ទៃអាងទំហំ ៤,២ហិកតា,ទំនប់អាងប្រវែង ៧៩៩ម៉ែត្រ, ទំនប់ និងផ្លូវជុំវិញអាងប្រវែង ៩៦០ម៉ែត្រ,សំណង់សិល្ប​ការ​លម្អ​ជើង​ទេ មានទំហំ ៥,១១៦ម៉ែត្រការ៉េ និងប្រព័ន្ធលូដោះទឹកកខ្វក់ ប្រវែង ៧៩៩ម៉ែត្រ។

ដោយឡែកទំនប់ក្រោម ជាទំនប់ស្ថិតក្នុងក្រុងសែនមនោរម្យផងដែរ ទំនប់នេះ មានសមត្ថភាព​ស្តុក​ទឹក​បានប្រមាណ ២២ម៉ឺនម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ដូចជា៖ ផ្ទៃអាងទំហំ ៤,៤២ហិកតា ទំនប់អាងប្រវែង ១ ៤៨០ម៉ែត្រ ទំនប់ និងផ្លូវជុំវិញអាងប្រវែង ១,៧២៣ម៉ែត្រ, សំណង់​សិល្បការ្យលម្អជើងទេរមានទំហំ ៧,៨៨៦ម៉ែត្រការ៉េ និងប្រព័ន្ធលូដោះទឹកកខ្វក់ប្រវែង១, ៧២៣ម៉ែត្រ។

គម្រោងអភិវឌ្ឍន៍ធនធានទឹក សម្រាប់ពហុវិស័យនៅក្នុង​ខេត្តមណ្ឌល​គិរី គឺជាផ្នែក​មួយនៃផែនការមេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យ​បម្រើដល់សេចក្តី ត្រូវការរបស់ខេ ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើន​ភ្ញៀវទេសចរណ៍ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version