សម្តេចធិបតី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពឯកឧត្តមបណ្ឌិត ជា ចាន់តូ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃ(ទី២៥តែតុលាឆ្នាំ២០២៤) បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនចំពោះ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារចំពោះមរណភាព ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ។

ក្នុងសារលិខិតនោះ សម្តេចធិបតី បានលើកឡើងយ៉ាងដូច្នេះថា ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្តជាពន់ពេក និងសោកស្តាយឥតឧបមា ដោយបាន ទទួលដំណឹងថា ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលជាឪពុករបស់ លោកជំទាវ លោកបានទទួលមរណភាពនៅ ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលា ម៉ោង ១០:៣៥នាទីព្រឹក នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយនៃសព ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ នៃធនាគារជាតិនៃកម្ពុជា ហើយសូមសម្តែងនូវសេចក្តីសង្វេគ សោកស្តាយ ស្រណោះអាឡោះអាល័យ ប្រកបដោយអនិច្ច លក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។ មរណភាពរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ គឺជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ដែលប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះកូន ចៅប្រុស ចៅស្រីជាទីស្រឡាញ់ទាំងអស់ ហើយក៏ជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមរបស់ជាតិ ដែលតែងតែបានធ្វើ ពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុ បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ លើកស្ទួយកិត្យានុភាព ជាតិលើឆាកអន្តរជាតិ និងធ្លាប់បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមបំផុតជូនប្រទេសជាតិ តាមរយៈ ការកំណត់ និងដឹកនាំគោលនយោបាយ រូបិយវត្ថុ សំដៅរួមចំណែកជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ជារៀងរហូតមក។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ជា ចាន់តូ សូមឆាប់ បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version