Update៖ ព្យុះត្រូពិក Trami បានវាយប្រហារលើប្រទេសហ្វីលីពីនបណ្តាលឲ្យមនុស្សជាច្រើនបានស្លាប់!

ប្រទេសហ្វីលីពីនបានប្រកាសអាសន្នអាកាសធាតុថ្មីកាលពីថ្ងៃចន្ទ (ទី 28 ខែតុលា) ប៉ុន្មានថ្ងៃបន្ទាប់ពីមនុស្សជាង 100 នាក់ត្រូវបានស្លាប់ដោយព្យុះដ៏អាក្រក់បំផុតប្រចាំឆ្នាំ។

មនុស្សជិត ១លាននាក់ កំពុងស្នាក់នៅតាមជ៉ំរ៉ំបណ្ដោះអាសន្ន ឬស្នាក់នៅជាមួយសាច់ញាតិបងប្អូននៅឡើយ។ ក្រោយបាត់បង់ផ្ទះសម្បែងរបស់ខ្លួន ឬក៏ត្រូវបង្ខំ ចិត្តជម្លៀសខ្លួនចេញដោយសារតែទឹកជំនន់ បង្កឡើងដោយព្យុះត្រូពិក Trami ដែលបានវាយប្រហារលើប្រទេសហ្វីលីពីនកាលពីថ្ងៃទី២២ ខែតុលា។ ឥលូវស្ថានការណ៍មិនទាន់បានធូរស្រាលផង ទីភ្នាក់ងារជាតិឧតុនិយមហ្វីលីពីន បាននិយាយថាព្យុះត្រូពិកឈ្មោះ កង្រី (Kong-rey) នឹងវាយប្រហារលើហ្វីលីពីន ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង នៅប៉ុន្មានម៉ោងខាងមុខនេះ។

ទីភ្នាក់ងារដដែលបានបន្ថែមទៀតថាព្យុះ Kong-rey អាចនឹងវិវត្តន៍ទៅជាព្យុះទីហ្វុងនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយអាចនឹងធ្វើដំណើរឆ្លងកាត់នៅក្បែរដែនកោះតូចៗ នៅភាគខាងជើងហ្វីលីពីន នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ។

គួររំលឹកថា តាមអាជ្ញាធរហ្វីលីពីន ព្យុះ Trami បានសម្លាប់មនុស្ស ១១៦នាក់ និង៣៩នាក់បានបាត់ខ្លួន។ ជារៀងរាល់ឆ្នាំ មានព្យុះចំនួន២០ ទាំងតូច ទាំងធំបានវាយប្រហារលើប្រទេសហ្វីលីពីន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version