(ភ្នំពេញ)៖ ក្រោយពីសារព័ត៌មានបានចេញផ្សាយ ពាក់ព័ន្ធការចង់វិនិយោគរបស់ក្រុមហ៊ុនវៀតណាម Vingroup ដែលនាំយករថយន្តតាក់ស៊ី អគ្គិសនី មកបម្រើការនៅកម្ពុជា។
ព័ត៌មាននោះធ្វើឱ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីមហាជនតាមបណ្តាញសង្គម។
ទន្ទឹមនិងនោះ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា កាលពីថ្ងៃទី១៣ ខែធ្នូ បានបញ្ជាក់ជូនពលរដ្ឋបានជ្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២៣ មានបណ្តាញព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមមួយគ្រោងបើករថយន្តតាក់ស៊ី ដោយប្រើអគ្គិសនីចំនួន២.៥០០គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
អ្នកនាំពាក្យបានបញ្ជាក់បន្តថា ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ ពីអ្នកលេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះ នឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០២៤។
លោក ប៉ែនបូណា សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ក្នុងជំនួបពិភាក្សាជាមួយ សម្តេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ។
ជាមួយនោះបានបង្ហាញបំណង ចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។
ប៉ុន្តែសម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ៕