(បាងកក)៖ តុលាការថៃ បានសម្រេចផ្តន្ទាទោសលើ សមាជិកសភាម្នាក់មកពីបក្ស Move Forward ឱ្យជាប់ពន្ធនាគាររយៈពេលសរុប៦ឆ្នាំ ។
ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ និងបទល្មើសផ្សេងទៀត។
មេដឹកនាំគណបក្ស Move Forward លោក Chaithawat Tulathon បានប្រាប់ថា សមាជិកសភាខាងលើ គឺអ្នកនាង Rakchanok Srinork ។
ត្រូវតុលាការរកឃើញថា មានទោសពីបទប្រមាថព្រះមហាក្សត្រ និងបំពានច្បាប់ប្រឆាំងឧក្រិដ្ឋកម្មកុំព្យូទ័រ ដោយសារការបង្ហោះសារចំនួន២ នៅលើបណ្តាញសង្គម X (Twitter)។
បើតាមលោក Chaithawat អ្នកនាង Rakchanok ត្រូវបានកាត់ទោសជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំ ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ និង៣ឆ្នាំទៀត ក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ។
សមាជិកសភាថៃវ័យ២៩ឆ្នាំ រូបនេះ បានដាក់សំណើសុំនៅក្រៅឃុំ និងផ្តល់ប្រាក់ចំនួន៣០០,០០០បាត ស្មើនឹង៨,៥០០ដុល្លារ ធ្វើជាការធានា។
យ៉ាងណាមិញ តុលាការត្រូវគេរំពឹងថា នឹងធ្វើការសម្រេចលើសំណើនោះ ក្នុងថ្ងៃពុធដដែលនេះ ។
ប៉ុន្តែប្រសិនបើមិនទទួលជោគជ័យ អ្នកនាង Rakchanok នឹងត្រូវដកតំណែងជា តំណាងរាស្រ្តដោយស្វ័យប្រវត្តិ៕