លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល កាលថ្ងៃអង្គារ ទី២៩ ខែតុលា បានធ្វើការព្រមានមេដឹកនាំថ្មីរបស់ក្រុមហេសបូឡា លោក Naim Qassem ថាការតែងតាំង របស់លោកគ្រាន់តែជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មាន AFP។
ការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X អមជាមួយរូបភាពលោក Qassem ដែលទើបតែត្រូវបានក្រុមហេសបូឡាតែងតាំងជាមេដឹកនាំថ្មីរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ ជំនួសលោក Hassan Nasrallah ដែលត្រូវបានអ៊ីស្រាអែលសម្លាប់កាលពីខែកញ្ញាកន្លងទៅ លោក Gallant បានបញ្ជាក់ដូច្នេះថា «នេះគ្រាន់តែជាការតែងតាំងបណ្ដោះអាសន្ន មិនអាចយូរអង្វែងឡើយ»។ នៅក្នុងសារបង្ហោះជាភាសា Hebrew ដាច់ដោយឡែកមួយទៀត ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ ក៏បាននិយាយដែរថា «ការរាប់ថយក្រោយបានចាប់ផ្ដើម»។
គួររំលឹកថា លោក Gallant បានធ្វើទស្សនកិច្ចទៅកាន់ទីបញ្ជាការភូមិភាគខាងជើងរបស់អ៊ីស្រាអែល កាលពីថ្ងៃអង្គារដែរនោះ បានអះអាងក្រោយការបង្ហោះសាររបស់លោកថា លោកផ្ទាល់វាយតម្លៃថាឃ្លាំងរ៉ុក្កែតរបស់ក្រុមហេសបូឡាមួយភាគធំត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល៕