(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាភោជនាហារ សាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជានិងក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ កាលពីល្ងាចទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ក្នុងឳកាសនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អរគុណសម្រាប់ការរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីនេះឡើង។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរ ចំពោះការប្រកួតរបស់កីឡាករបាល់ទាត់គុនខ្មែរ ដែលទទួលបានថវិការហូតដល់ប្រមាណ១ពាន់លានរៀល។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កីឡាគុនខ្មែរកំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ ប្រមូលផ្តុំនៅតែរាជធានីភ្នំពេញ។ កីឡាគុនខ្មែរ នឹងរីកលូតលាស់ជាងនេះ។ បើមានការគាំទ្រដិតដល់។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការផ្គូរផ្គងកីឡាករឱ្យប្រកួតរាល់សប្តាហ៍នឹងធ្វើឱ្យខូចកីឡាករ និងឆាប់ចុះខ្សោយ។
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអ្នកគ្រប់គ្រងកីឡាករប្រដាល់យកចិត្តទុកដាក់លើការផ្គូរផ្គងកីឡាករ មិនអាចផ្គូរផ្គងឱ្យប្រកួតរាល់សប្តាហ៍ មិនអាចចេះតែធ្វើតាមចំណង់ចំណូលចិត្តនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការខ្វះកីឡាករ កីឡាការិនីប្រដាល់ ព្រោះខ្វះខាតការបណ្តុះបណ្តាលកីឡា។
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការពិចារណាជួយគាំទ្រការបណ្តុះបណ្តាលតាមបណ្តាក្លឹបនៅតាមខេត្តទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច បានឱ្យលោក ស៊ីថូ ណាថាន់ ចុះស្រាវជ្រាវពីបញ្ហាកីឡាប្រដាល់នៅខេត្តបាត់ដំបង។ ខេត្តនោះ មានក្រុមកីឡាករច្រើន មានក្លឹបច្រើន ហើយក៏មានការប្រកួតច្រើនណាស់ តែតម្លៃខ្លួនតិចតួច។ សម្តេចតេជោ បានឧបត្ថម្ភមួយខែ ៣០លានរៀល ដើម្បីឧបត្ថម្ភបន្ថែមដល់កីឡាករ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកមានធនធានជាប្រធានក្រុមហ៊ុន ជាឧកញ៉ា និងជាឧបនាយករដ្ឋមន្ត្រីជាដើម ជួយឧបត្ថម្ភក្លឹបនៅតាមខេត្ត ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់៕