អ៊ីស្រាអែលនិយាយថា សង្គ្រាមកម្ចាត់ក្រុមហាម៉ាស នឹងប្រើពេលរាប់ខែទៀត!

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែធ្នូថា សង្គ្រាមរបស់ប្រទេសខ្លួន ។
ជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា អាចអូសបន្លាយ ពេលច្រើនខែទៀត ទោះសហរដ្ឋអាមេរិក ជំរុញឲ្យខ្លួន កាត់បន្ថយប្រតិបត្តិការយោធា ដោយសារមានជនស៊ីវិលស្លាប់ច្រើនឡើងៗ ក៏ដោយ។

ប៉ុន្មានថ្ងៃមកនេះ រដ្ឋបាលលោក បៃដិន បានដាក់សម្ពាធ ដល់រដ្ឋាភិបាលអ៊ីស្រាអែល ឲ្យបន្ថយដៃក្នុងប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា ។
ចំពេលសង្រ្គាមបានឈានចូលដល់ខែទី៣ ហើយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល។

តាមសេចក្តីរាយការណ៍របស់ Associated Press, លោក Gallant បានគូសបញ្ជាក់ថា “សង្គ្រាមនឹងចាយពេលរាប់ខែទៀត ប៉ុន្តែយើងនឹងឈ្នះ ហើយយើងនឹងកម្ទេចពួកគេ”។

ការព្រមាននេះកើតឡើង ខណៈការគាំទ្ររបស់រដ្ឋបាលលោក បៃដិន ចំពោះអ៊ីស្រាអែល បានថយចុះបន្តិចម្តងៗ ។
ទាំងដែលជម្លោះនៅតែបន្ត ហើយអ៊ីស្រាអែល កំពុងប្រឈមមុខនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងសម្រាប់បទឈប់បាញ់។

កាល​ពី​ថ្ងៃ​អង្គារ អង្គការ​សហ​ប្រជាជាតិ​ បាន​អនុម័ត​សេចក្តី​សម្រេច​មួយ ​ដែល​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​​ដើម្បី​ជួយ​ជន​ស៊ីវិល​នៅ​ហ្គាហ្សា ។
ហើយក្នុងនោះមាន​ប្រទេសតែ៨​ប៉ុណ្ណោះ​ដែល​ចូលរួម​ជាមួយ​អ៊ីស្រាអែលនិង​សហរដ្ឋអាមេរិក ​ក្នុង​ការ​បោះឆ្នោត​ប្រឆាំង​។

អ៊ីស្រាអែលក៏កំពុងរងសម្ពាធកាន់តែខ្លាំងឡើងផងដែរ ចំពោះផែនការក្រោយសង្គ្រាម ។
ខណៈរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងមិនគាំទ្ររដ្ឋាភិបាលរបស់អាជ្ញាធរប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាដាច់ខាត។

យោងតាមអង្គការសហប្រជាជាតិ សង្គ្រាមនេះ បានបណ្តាលឲ្យតំបន់ហ្គាហ្សាភាគខាងជើង ត្រូវខ្ទេចខ្ទី និងជម្លៀសប្រជាជនជិត៨០%ចេញពីផ្ទះរបស់ពួកគេ។
ចំណែក​ក្រសួង​សុខាភិបាល​ហ្គាហ្សា​បាន​ឲ្យ​ដឹង​ថា ប្រជាជន​ប៉ាឡេស្ទីន​ជាង ១៨៤០០នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាមនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version