Update៖ កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយគ្រាប់ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក!

យោធាក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់នៅថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) ដែលជាការបាញ់បង្ហោះលើកទីពីររបស់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានម៉ោងមុនពេលប្រជាជនអាមេរិកបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ប្រភពពីសារព័ត៌មានCNA នៅព្រឹកថ្ងៃអង្គារទី 5 ខែវិច្ឆិកានេះ។

អគ្គសេនាធិការក្រុងសេអ៊ូល បាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះ “កាំជ្រួចផ្លោងរយៈចម្ងាយខ្លីជាច្រើន” នៅម៉ោងប្រហែល 7.30 ព្រឹក ចូលទៅក្នុងដែនទឹកភាគខាងកើតនៃឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា ជប៉ុន ក៏បានទទួលស្គាល់ពីការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងផងដែរ ដោយការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ថាទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលមួយគ្រាប់ ដែលទំនងជាមីស៊ីលបាលិស្ទីគ។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ បន្ទាប់ពីប្រមុខការពារជាតិអាមេរិក និងកូរ៉េខាងត្បូង ទទូចឱ្យកូរ៉េខាងជើង ដកកងទ័ពរបស់ខ្លួនចេញពីរុស្ស៉ីជាបន្ទាន់។

ដោយឡែក ការធ្វើតេស្ដមីស៊ីលនៅថ្ងៃអង្គារនេះវិញ កើតមានឡើងក្រោយអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានដឹកនាំការធ្វើសមយុទ្ធជើងអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអាមេរិក B-1B៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version