Update៖ ការបោះឆ្នោតប្រធានាធិបតីអាមេរិក ចាប់ផ្តើមដំណើរការហើយ!

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ បានចាប់ផ្តើមហើយនៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ដោយការបោះឆ្នោតនៅកន្លែងដំបូងគេ បានប្រព្រឹត្តទៅនៅ Dixville Notch ដែលជាសហគមន៍តូចមួយ ស្ថិតក្នុងរដ្ឋ New Hampshire។

ប្រភពពីសារព័ត៌មាន AFP។

បេក្ខជនបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស និងបេក្ខជនបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ គឺម្នាក់ៗទទួលបានការគាំទ្រចំនួន ៣សំឡេងស្មើគ្នា ក្នុងការបោះឆ្នោត នៅសហគមន៍ដ៏តូច នាភាគឦសានរដ្ឋ New Hampshire មួយនេះ ដែលរាប់ទសវត្សរ៍មកហើយ តែងតែរៀបចំការបោះឆ្នោត នៅវេលាយប់រំលងអធ្រាត្រតែម្តង។
ច្បាប់បោះឆ្នោតនៅរដ្ឋ New Hampshire អនុញ្ញាតឱ្យសហគមន៍ ដែលមានប្រជាជនរស់នៅ តិចជាង១០០នាក់ អាចបើកទ្វារ មណ្ឌលបោះឆ្នោត នៅពាក់កណ្តាលអធ្រាត្របាន ហើយបិទទ្វារទៅវិញ នៅពេលដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ បានបំពេញកាតព្វកិច្ចជាពលរដ្ឋរបស់ពួកគេ។
តាមទម្លាប់នៃការបោះឆ្នោតទាំងកណ្តាលអធ្រាត្របែបនេះ នៅសហគមន៍ Dixville Notch បានចាប់ផ្តើមដំបូងនៅឆ្នាំ១៩៦០មកម៉្លេះ។ សម្រាប់មណ្ឌលបោះឆ្នោតភាគច្រើន នៅអាមេរិកវិញ គឺនឹងបើកទ្វារខ្ទង់ម៉ោង៦-៧ព្រឹកថ្ងៃអង្គារ ដោយយោងតាមពេលវេលា ក្នុងតំបន់នៅអាមេរិក។
គួរជម្រាបថា ការទទួលបានសំឡេងគាំទ្រស្មើគ្នាដូចខាងលើ នៅសហគមន៍ Dixville Notch ឆ្លុះបញ្ចាំងឱ្យឃើញពី ការប្រកួតប្រជែង យ៉ាងស្វិតស្វាញរវាងលោក ត្រាំ និងលោកស្រី ហារីស ក្នុងដំណើរឆ្ពោះទៅក្លាយជាប្រធានាធិបតីអាមេរិក។ ការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំនេះមានភាពប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង ពិបាកក្នុងការប៉ាន់ស្មាន់នឹងត្រូវការពេលជាច្រើនថ្ងៃ ទើបអាចសន្និដ្ឋានរកឃើញអ្នកឈ្នះ-អ្នកចាញ់បាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version